ក្រសួងបរិស្ថាន ហាមការប្រមូលទិញ-លក់ កេសរកូលព្រៃ

ក្រសួងបរិស្ថាន បានដាក់បម្រាមចំពោះ ហាមការប្រមូលទិញ-លក់កេសរកូលព្រៃការទិញ-លក់ ការដឹកជញ្ជូន ការប្រមូល និងការធ្វើសន្និធិកេសរកូលព្រៃនៅ ក្នុងតំបន់ការពារធម្មជាតិ។

វិធានការនេះ ធ្វើឡើងបន្ទាប់ពីកន្លងមកមានជនខិលខូច មួយចំនួនបានធ្វើការបំផុសព័ត៌មាននៅក្នុងបណ្តាញសង្គមអំពីការប្រមូលទិញប្រភេទកេសរកូលព្រៃក្នុងតម្លៃខ្ពស់ ដែលជាហេតុជំរុញឱ្យមានការប្រមូលកេសរកូលព្រៃពីតំបន់ការពារធម្មជាតិដោយអនាធិបតេយ្យ។ ក្រសួងបរិស្ថាន បានចាត់ទុកការបំផុសព័ត៌មានអំពីការ ប្រមូលទិញប្រភេទកេសរកូលព្រៃ ជាធ្វើឱ្យប៉ះពាល់ដល់ប្រភេទកេសរកូលព្រៃ និងអាចឈានដល់ការផុតពូជ ទាំងស្រុងនូវប្រភេទកេសរកូលព្រៃមួយចំនួន។

យោងលើ សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ថ្ងៃទី១០ ខែកក្កដា ឆ្នាឡ២០២០ បានបញ្ជាក់ថា រាល់សកម្មភាពទាំងឡាយដែល បាននឹងកំពុងប្រមូលជួញដូរ និងធ្វើអាជីវកម្មប្រភេទកេសរកូលព្រៃពីក្នុងតំបន់ការពារធម្មជាតិ ទាំងការធ្វើអាជីវកម្ម ឬក្នុងគោលបំណងណាមួយ គឺជាសកម្មភាពផ្ទុយនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕