ផ្លូវក្រវាត់ក្រុងខ្សែទី៣ សាងសង់សម្រេចបានប្រមាណ៤០%ហើយ

គិតមកដល់ពេលនេះផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ដំណើរការសាងសង់បានសម្រេចប្រមាណ៤០%ហើយ។ នេះបើតាមការឲ្យដឹងពី លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសដែលលោក ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងផ្លូវក្រវាត់ក្រុងខ្សែទី៣ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ 

លោកបានឲ្យដឹងថា បេសកកម្មនេះ បានមើលឃើញថា គុណភាពនៅកន្លែងធ្វើស្ពាន គឺនៅមានការខ្វះខាតបន្តិចបន្តួច តែមិនមែនជាបញ្ហាចោទនោះទេ ដោយក្រុមហ៊ុនសន្យានឹងធ្វើឱ្យបានរឹងមាំ និងត្រឹមត្រូវបានលក្ខណ:បច្ចេកទេស ហើយសម្រាប់គ្រឹះនៃការសាងសង់ផ្លូវនេះវិញ គឺបានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេស ដែលក្រសួងបានកំណត់ត្រឹមត្រូវ។

លោកបានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្រ្ត រាជធានីភ្នំពេញជាង១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។

លោកបានឱ្យដឹងទៀតថា ផ្លូវក្រវាត់ក្រុងទី៣នេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។ ផ្លូវនេះនឹងមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ គឺផ្លូវដ៏សំខាន់មួយជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើរ និងចរាចរណ៍ក្នុងរាជធានីបន្ថែមទៀត៕