ខេត្តកណ្ដាល៖ លោកពូ ហេង ម៉ាទីណេ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានរៀបរាប់ពី អាជីពចិញ្ចឹមកន្ធាយរបស់គាត់ថា គាត់បានចាប់ផ្ដើមចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ ហើយបច្ចុប្បន្ននេះ ក្នុងកសិដ្ឋានរបស់គាត់មានកន្ធាយចំនួន ៥០ ០០០ក្បាល ដោយមិនរាប់បញ្ចូលជាមួយដៃគូចិញ្ចឹមនៅខេត្តស្ទឹងត្រែង និងខេត្តតាកែវ និងកសិករក្នុងតំបន់នេះ។
ជាមួយនឹងការចិញ្ចឹមនិងការផ្គត់ផ្គង់កន្ធាយវិញ លោកពូបានបន្ថែមថា ជាមធ្យម កន្ធាយចិញ្ចឹមរយ: ពេល ១ឆ្នាំមានទម្ងង់ ១kg មានតម្លៃ ១០ដុល្លារ។ គាត់និងក្រុមផលិត អាចផ្គត់ផ្គង់ទីផ្សារបាន ៥តោន/ថ្ងៃ ត្រូវការកូន ១០លានក្បាល ហើយបើ១ក្បាល/១០ដុល្លារ នោះយើងអាចរកចំណូលបាន ១០០លានដុល្លារ/ឆ្នាំ។
ក្នុងឆ្នាំ២០២០ ការធ្លាក់ចុះតម្លៃទីផ្សារលក់កន្ធាយមកនៅត្រឹម ៧-៨ដុល្លារ/kg ដោយសារមានការនាំចូលពីវៀតណាម ធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។ ត្រង់ចំណុចនេះ លោកពូ ម៉ារីណេ សំណូមពរឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ ឬកាត់បន្ថយបរិមាណនាំចូលកន្ធាយ ដើម្បីអ្នកចិញ្ចឹមក្នុងស្រុកបង្កើនសមត្ថភាពចិញ្ចឹម ឆ្លើយតបតាមតម្រូវការទីផ្សារ និងជួយឧបត្ថម្ភទុនវិនិយោគបន្ថែម ដែលទីផ្សារសត្វកន្ធាយ កំពុងពេញនិយមជាពិសេសអតិថិជនជនជាតិចិន៕