ឆ្នាំមុន កម្ពុជាបានប្រឈមនឹង បញ្ហាធាតុពុលច្រើនក្នុងបរិយាកាសខ្លាំងដំបូងបំផុតដែលមិនធ្លាប់មានពីមុនមក។ បញ្ហានេះ បានធ្វើឱ្យប្រជាជនចាប់ផ្តើមផ្ញាក់ផ្អើលនិងព្រួយបារម្ភពីការបំពុលបរិយាកាស ក៏ដូចជាបញ្ហាធាតុពុលក្នុងទីក្រុងខណៈបញ្ហានេះបានកើតឡើងក្នុងបណ្តាប្រទេសនានាជាយូរណាស់មកហើយ។
នៅឆ្នាំដដែលនេះ វេទិកាសេដ្ឋកិច្ចពិភពលោក ក៏បានបង្ហាញពីសកម្មភាពនៃប្រទេសជាច្រើនលើពិភពលោក ដែលកំពុងយកចិត្តទុកដាក់ខ្លាំង លើការរិះរកវិធីដើម្បីដោះស្រាយបញ្ហាធាតុពុលក្នុងបរិយាកាសនេះ។ ការបំពុលនេះ ជារឿងដែលមិនងាយនឹងដោះស្រាយភ្លាមៗនោះទេ ព្រោះពិភពលោកមិនអាចបញ្ឈប់ឧស្សាហកម្មបាននោះទេ អ្វីដែលយើងអាចធ្វើបាន គឺផ្លាស់ប្តូរវិធីសាស្ត្ររស់នៅរបស់មនុស្ស ដើម្បីបន្ថយឥទ្ធិពលនៃបញ្ហាតែប៉ុណ្ណោះ។
វេទិកាសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់ថា ទន្ទឹមនឹងការចាត់វិធានការនានាលើវិស័យឧស្សាហកម្មធនធ្ងន់ ការបង្កើតមូលនិធិទិញកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត និងការចំណាយថវិកាពិភពលោក ដើម្បីកាត់បន្ថយផលប៉ះពាល់ចំពោះការប៉ះពាល់បរិស្ថាន ការចាប់ផ្តើមប្រើប្រាស់មធ្យោបាយសាធារណៈ និងការជិះកង់ជាដើម ជាសកម្មភាពយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពិភពលោក។ ហេតុនេះហើយ ទើបបណ្តាទីក្រុងសំខាន់ៗនៅអឺរ៉ុប និងនៅអាស៊ីយើងជាដើម ក៏បានយកចិត្តទុកដាក់ច្រើនជាងមុន ដោយការបង្កើតប្រព័ន្ធរថភ្លើងសាធារណៈ ក្នុងតម្លៃធូរថ្លៃនិងការបង្កើនពន្ធលើមធ្យោបាយធ្វើដំណើរឯកជនជាដើម។
បន្ថែមពីលើនេះ ទីក្រុងនានា ដោយក្នុងនោះ រួមទាំងកម្ពុជាយើងផង ក៏បានចាប់ផ្តើមដំណើរការរថយន្តក្រុងសាធារណៈ និងកាណូតដឹកអ្នកដំណើរសាធារណៈតាមទឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ អ្វីដែលជាគោលដៅសំខាន់ គឺជំរុញឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់មធ្យោបាយដឹកអ្នកដំណើរផ្ទាល់ខ្លួន និងជាវិធីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលជាប្រភពយ៉ាងសំខាន់នៃការបំពុលបរិស្ថាន។
តាមការគណនា រថយន្តក្រុងសាធារណៈមួយគ្រឿង អាចជួយកាត់បន្ថយការបំពុលបរិយាកាសបានយ៉ាងច្រើន ព្រោះប្រសិនបើម្ចាស់យានយន្តទាំងអស់ជិះរថយន្តក្រុង នោះស្មើនឹងយើងកាត់បន្ថយរថយន្តបានចាប់ពី៣០ ទៅ ៦០គ្រឿងលើដងផ្លូវ។ បន្ថែមពីលើនេះ ប្រសិនបើក្នុងមួយថ្ងៃ រថយន្តក្រុងច្រើនជាង១០០គ្រឿង ត្រូវបានគាំទ្រដោយប្រជាជនក្នុងទីក្រុង នោះមានន័យថា លើដងផ្លូវយើងបានកាត់បន្ថយយានយន្តឯកជន ដល់ទៅ ៣០០០ ទៅ ៦០០០គ្រឿងឯណោះ។ កត្តានេះ អាចកាត់បន្ថយការបំពុលបរិយាកាសបានយ៉ាងច្រើន។
លើសពីនេះទៅទៀត ប្រសិនបើយើងបន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ហើយងាកមកប្រើប្រាស់មធ្យោបាយសាធារណៈ នោះយើងនឹងអាចចំណេញថវិកាបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ថវិកាទាំងអស់នេះ យើងអាចយកទៅអភិវឌ្ឍជីវភាព មើលថែសុខភាព ឬចូលរួមក្នុងសកម្មភាពបរិស្ថាននានា ដើម្បីជំរុញឱ្យពិភពលោកកាន់តែមានភាពស្រស់បំព្រង៕