តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា៖ ថ្លៃលើកដាក់កប៉ាល់ និងតម្លៃបន្ទាប់បន្សំ អាចជះឥទ្ធិពលទៅលើថ្លៃដើមនាំចេញអង្ករកម្ពុជា

រូបតំណាង ការនាំចេញអង្ករកម្ពុជា

រាជធានីភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបើកិច្ចប្រជុំពិភាក្សា និងវាយតម្លៃលើរបាយការណ៍ សិក្សាថ្លៃដើមនាំចេញអង្ករកម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា  ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអង្គប្រជុំ ហើយនិងមានការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ 

ការសិក្សាបានផ្តោតសំខាន់​លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជាដោយវិភាគលើខ្សែសង្វាក់តម្លៃរបស់វិស័យស្រូវ-អង្ករ ចាប់តាំងពីការបង្កបង្កើនផលការសម្ងួត និងកិនកែច្នៃ រហូតដល់ការនាំចេញ ដែលរួមទាំងការដឹកជញ្ជូននិងការរត់ការឯកសារផងដែរ សម្រាប់ការនាំចេញទៅកាន់ប្រទេសគោលដៅ (នាំចូល) នៅសហភាពអឺរ៉ុបប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត។

តាមរយៈរបាយការណ៍នេះឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក យ៉ន សុវណ្ណ សមាជិកក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា បានសាទរនូវរបកគំហើញនៃការសិក្សានេះហើយក៏បានចូលរួមផ្តល់នូវមតិយោបល់ជាធាតុចូលមួយចំនួនបន្ថែមដែលអាចជះឥទ្ធិពលទៅលើថ្លៃដើមនាំចេញអង្ករកម្ពុជា ជាពិសេសគឺ ថ្លៃលើកដាក់កប៉ាល់ (THC) និងតម្លៃបន្ទាប់បន្សំមួយចំនួនដែលមិនគួរត្រូវចំណាយដូចជាSEAL ជាដើម។

គួរបញ្ជាក់ថាគម្រោងសិក្សាថ្លៃដើមនាំចេញអង្ករកម្ពុជានេះ ត្រូវបានស្នើឡើងដោយក្រសួងពាណិជ្ជកម្មក្រោមកិច្ចសហការ និងគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពី «កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី(CAVAC)» ដែលគម្រោងនេះមានបំណងកំណត់រកឱ្យឃើញពីបញ្ហាប្រឈមឧត្តមភាព ឬលទ្ធភាពពង្រឹងភាពប្រកួតប្រជែងបច្ចុប្បន្នរបស់វិស័យស្រូវ-អង្ករកម្ពុជា៕