ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថារាជរដ្ឋាភិបាលថ្មី អាណត្តិទី៦ ដែលមានសម្ដេច ជាអ្នកដឹកនាំគឺ នឹងខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ទ្វេដង ដើម្បីឲ្យសមទៅនឹងទឹកចិត្ត ស្រឡាញ់គាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងដើម្បីកម្ពុជាកាន់ តែមានភាពរីកចម្រើនទៅមុខបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថាប្រសិនបើគ្មានការ រាំងស្ទះ ពីបណ្តឹង ដែលត្រូវដោះស្រាយទៅដល់ ក្រុមប្រឹក្សាធម្មនុញ្ញនិងដោយមិនចំណាយ ពេលវេលាយូរនោះទេ រាជរដ្ឋាភិបាលថ្មីនឹងបង្កើតឡើងប្រហែលជានៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះដើម្បីក្នុងនាមរាជរដ្ឋាភិបាលថ្មី ទៅចូលរួមក្នុង កិច្ចប្រជុំនៅអង្គការសហប្រជាជាតិតាមការអញ្ជើញពី សហគមន៍អឺរ៉ុប ដើម្បីបង្ហាញទៅ ដល់អ្នកប្រឆាំងនៅខាងក្រៅប្រទេសដែលមានគម្រោងធ្វើបាតុកម្ម ប្រឆាំងវត្តមានសម្តេច នៅទីនោះហើយសម្តេចក៏បានផ្តាំឲ្យពួកគេត្រៀមលក្ខណៈ ប្រឆាំង សម្តេចផងដែរ។
សម្តេចតេជោបានថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយអត្តពលិកកីឡាករ កីឡាការិនី គ្រូបង្វិក មុនចាកចេញទៅប្រកួតកីឡា Asian Games នៅឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ថា បើមានការប្រកាសលទ្ធផលបោះឆ្នោតបានលឿនជាងមុនហើយមិន ខ្ទាស់និងបញ្ហាផ្លូវ ច្បាប់ អាណត្តិរដ្ឋសភាមានរយៈពេល៥ឆ្នាំម្តងនឹងធ្វើឡើងនៅចុងខែសីហា ឬដើមខែកញ្ញា។
យោងតាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុករបស់ សម្ដេចតេជោ បានឲ្យដឹងនៅថ្ងៃទី៧ខែសីហាឆ្នាំ២០១៨ថា “រាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ ដែលមានខ្ញុំជាអ្នកដឹកនាំគឺនឹងខិតខំ ប្រឹងប្រែងទ្វេដងអោយសមទៅនឹងទឹកចិត្តស្រឡាញ់គាំទ្ររបស់បងប្អូន និងកូនក្មួយដើម្បីកម្ពុជាយើងរីកចម្រើនទៅមុខទាំងអស់គ្នា “។
សម្ដេចបានសង្កត់ធ្ងន់ថា មិនយូរទេ រាជរដ្ឋាភិបាលថ្មីអាចនឹងត្រូវបង្កើតឡើង ក្រោយពីការ ប្រកាសលទ្ឋផលផ្លូវការពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅពាក់កណ្តាល ខែសីហា នេះប្រសិនបើគ្មានបញ្ហាអ្វីទេនោះ។