ប្រជាពលរដ្ឋជាង៩០% បានស្ម័គ្រចិត្តរុះរើសំណង់លើដីចំណីផ្លូវទៅកាន់ភ្នំគូលែន ដោយខ្លួន​ឯង

ស្រុកបន្ទាយស្រី៖ ប្រជាពលរដ្ឋនិងអាជីវករ ដែលសាងសង់សំណង់នៅលើដីចំណីផ្លូវទៅកាន់ភ្នំគូលែនត្រង់ម្តុំផ្សារ ”រហាល” បានស្ម័គ្រចិត្តយល់ព្រមរុះរ៉ើថយទៅក្រោយដោយខ្លួនឯងហើយ បន្ទាប់ពីលិខិតជូនដំណឹងជាមុនរយៈពេល៣០ថ្ងៃរបស់រដ្ឋបាលស្រុក បានឈានដល់ឱសានវាទ។ នេះបើតាមការឡើកឡើងរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម​ ហ្វីណង់។

លោកហ្វីណង់ បានលើកឡើងទៀតថា គាត់មិនទាន់ទាំងបានចុះទៅសុំការយោគយល់ពីប្រជាពលរដ្ឋផង ស្រាប់តែពួកគាត់(ប្រជាពលរដ្ឋ) មានការភ្ញាក់រលឹករៀបចំរុះរ៉ើបានជាង៩០%បាត់ទៅហើយ។

លោកអភិបាលស្រុក បានបង្ហាញពីមោទនភាពដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ចាប់ផ្តើមអោយតម្លៃទៅលើការគោរពច្បាប់កាន់តែច្រើនឡើងៗ ចូលរួមយ៉ាងផុសផុលនៅក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរ និងបានជួយធ្វើអោយប្រព័ន្ធរាយការណ៍ ពីសំណាក់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានចាប់មានដំណើរការនិងមានប្រសិទ្ធិភាពល្អ។

សូមបញ្ជាក់ថា តំបន់នេះគឺជាតំបន់ទី៤ហើយ ហើយក៏ជាតំបន់ធំចុងក្រោយដែលរដ្ឋបាលស្រុកចាំបាច់ត្រូវតែរៀបចំ និងរំដោះយកចំណីថ្នល់មកវិញ បន្ទាប់ពីតំបន់ផ្សារព្រះដាក់ផ្សារបន្ទាយស្រី និងរង្វង់មូលផ្លូវហាយវេ៦៦សុទ្ធតែត្រូវបានបញ្ចប់ទៅដោយសន្តិវិធីយ៉ាងរលូន៕