ឯកឧត្តម លឹម គានហោ ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ អាងទឹករក្សា ក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសរបស់ក្រសួង បានអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេង ស្ថិតនៅក្នុងឃុំ ពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំ ស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៤ មិថុនា ឆ្នាំ ២០២០។ 

គម្រោងអភិវឌ្ឍន៍អាងទឹករក្សា បានចាប់ផ្តើមធ្វើការសាងសង់កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះ សម្រេចការងារសាងសង់បានប្រមាណ ៤១,៥% ហើយ​ ។ លើទំហំការងាររួមមាន ៖

  • សាងសង់ទំនប់បេតុងមានប្រវែង ៥០ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរមា ២៤,៥ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួន ០៣ កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ ៤ម៉ែត្រ x ៤ ម៉ែត្រ
  • ទំនប់ដី(ខាងឆ្វេង) មានប្រវែង ៩៩៨,៦ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រកម្ពស់អតិបរមា ១១ ម៉ែត្រ
  • ទំនប់ដី(ខាងស្តាំ) មានប្រវែង ១.៦៥៦,៤ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រកម្ពស់អតិបរមា ១១ ម៉ែត្រ
  • ទំនប់ដីរងមានប្រវែងសំណង់សរុប ៦៥៥ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរមា ៧ ម៉ែត្រ
  • សំណង់បង្ហៀរមានប្រវែងសំណង់សរុប ២៥១ ម៉ែត្រ ទទឹងខ្នងលើ ៧ ម៉ែត្រ កម្ពស់អតិបរិមា ២៤,៥ ម៉ែត្រ មានទ្វារទឹកសរុបចំនួន ២០ កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ ១០ម៉ែត្រ x ១៤,៥ ម៉ែត្រ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រមាណ ២៥៦,៩ លានម៉ែត្រគូបនិងអាចផ្គត់ផ្គង់ទឹកស្រោចស្រព សម្រាប់បង្កើនផលិតផលកសិកម្ម លើផ្ទៃដីទំហំប្រមាណ ១៤៣.៣២៣ ហិកតា នៅរដូវវស្សា និងប្រមាណ ២២.៨៧៨ ហិកតា នៅរដូវប្រាំង (​ទំនប់​អាងទឹក​រក្សា​ មាន​ទីតាំង​​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ​តែ​លទ្ធភាព​នៃ​ការ​ស្រោច​ស្រព​ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​)

ទន្ទឹមនឹងនេះ ទំនប់អាងទឹករក្ សាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ នូវគ្រោះទឹកជំនន់និងការ​ផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ ។

ក្នុងឱកាសអញ្ជេីញចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំបន្ថែមលើការងារដែលត្រូវអនុវត្តបន្ត​ដើម្បីធានាគុណភាពសំណង់ មានភាពរឹងមាំយូរអង្វែង សម្រាប់​បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ។

គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែល​កើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានធ្វើ​ឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្ន​ប្រជាពលរដ្ឋកម្ពុជា កំពុងរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព ៕