ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកបានប្រែប្រួលនិងអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យចរន្តនៃការរស់នៅក៏មានការប្រែប្រួលយ៉ាងលឿនហួសពីការស្មាន។ ស្ថិតក្នុងបរិបទនេះ ការប្រកួតប្រជែងទាំងក្នុងលក្ខខណ្ឌប្រទេស និងបុគ្គលឯកជនក៏ចាប់ផ្តើមមានសភាពខ្លាំងឡើងៗ ដែលធ្វើឱ្យអ្នកមានសមត្ថភាពខ្ពស់ៗមួយផ្នែកតូច បានចាប់ឱកាសច្បាមយកធនធានយ៉ាងមហាសាល ពីចំណែកទាំងមូលសម្រាប់មនុស្សរាប់ពាន់លាននាក់នេះ។
តាមការព្យាករណ៍របស់បណ្ឌិត Patrick Dixon ដែលជាអ្នកជំនាញយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុនយក្សធំៗលើពិភពលោកដូចជា Google, CNN និងធនាគារពិភពលោកជាដើម បានឱ្យដឹងថា ពិភពលោកនាថ្ងៃអនាគតដ៏ឆាប់ខាងមុខនេះ នឹងមានការប្រែប្រួលកាន់តែឆាប់រហ័ស។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អិនធើណិតល្បឿនលឿន 5G រួមទាំងភាពច្នៃប្រឌិតរបស់មនុស្សឆ្លាតវៃសំខាន់ៗលើពិភពលោក បានធ្វើឱ្យអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ៗកើនឡើង។ ក្នុងនោះ ដែលអ្នកមានសមត្ថភាពខ្ពស់បំផុតលើពិភពលោកត្រឹមតែ ១% ប៉ុណ្ណោះ អាចក្តោបក្តាប់ទ្រព្យសម្បត្តិរួមរបស់សកកលលោក ដល់ទៅ ៥៦%ឯណោះ។
លោកបណ្ឌិត Patrick Dixon បានលើកឡើងថា អ្នកមានបំផុតចំនួន ១% នាពេលបច្ចុប្បន្ននេះ បានក្តោបក្តាប់ទ្រព្យសម្បត្តិពិភពលោកដល់ទៅ ៥០% បាត់ទៅហើយ។ លើសពីនេះទៅទៀត នៅក្នុងចំណោមអភិជន មានបំផុត១%នេះ មានត្រឹមតែ ២០% ប៉ុណ្ណោះ ដែលបានក្តោបក្តាប់ប្រាក់ជាង ៧៥%នៃទ្រព្យពាក់កណ្តាលពិភពលោកនេះ។
លោកព្យាករណ៍ថា រយៈពេល៣០ឆ្នាំទៅមុខទៀត ប្រជាជន ១%ដែលមានសមត្ថភាពខ្ពស់បំផុតនេះ នឹងអាចឈានទៅក្តោបក្តាប់ទ្រព្យសម្បត្តិរបស់ពិភពលោក រហូតដល់ទៅ ៦៥%ឯណោះ។ ស្ថានភាពនេះ ជាស្ថានភាពអាក្រក់មួយដែលកើតឡើងសម្រាប់ពិភពលោក ព្រោះរវាងអភិជននិងអ្នកក្រីក្រ មានគម្លាតកាន់តែខ្ពស់ដែលចរន្តនេះអាចនឹងនាំឱ្យមាន បញ្ហាកើតឡើងទាំងក្នុងក្របខណ្ឌសេដ្ឋកិច្ចនិងនយោបាយ។
តាមរយៈទិដ្ឋភាពប្រវត្តិសាស្រ្ត បានឆ្លុះបញ្ចាំងឱ្យយើងឃើញថា គម្លាតដ៏ធំនេះ បានបង្កើតឱ្យមានការអាក់អន់ចិត្តនិងកំហឹងកើតឡើង ពីសំណាក់អ្នកក្រចំពោះអភិជន ដែលវាអាចនាំឱ្យកើតមានជា បដិវដ្តឬអំពើហិង្សារកើតឡើង។ បន្ថែមពីលើនេះ នៅក្នុងសម័យបច្ចេកវិទ្យានេះ បណ្តាញសង្គមកាន់តែធ្វើឱ្យមនុស្សចូលរួមក្នុងប្រព័ន្ធផ្សព្វផ្សាយកាន់តែទូលំទូលាយ ដែលធ្វើឱ្យការបំផុសចលនាណាមួយ អាចកើតមានយ៉ាងឆាប់រហ័សបំផុត។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ គេអាចប្រមូលផ្តុំមនុស្ស ដែលមានផ្នត់គំនិតដូចគ្នា មានកំហឹងនិងរងភាពឈឺចាប់ដូចគ្នា រាប់ពាន់រាប់ម៉ឺននាក់ដើម្បីធ្វើបដិវដ្តមួយ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងតែប៉ុណ្ណោះ។
ជាទិដ្ឋភាពជាក់ស្តែង យើងឃើញហើយថា ថ្មីៗនេះបាតុកម្មនៅសហរដ្ឋអាមេរិក បានបង្ករជាវិបត្តិយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងនយោបាយអាមេរិក ដោយកើតចេញពីរូបភាពនៃអំពើហិង្សារលើបុរសស្បែកខ្មៅ តាមបណ្តាញសង្គម។ក្រុមអ្នកបង្កើតព្រឹត្តិការណ៍ បានយកវីដេអូ ច្នៃរូបភាពសិល្បៈ និងប្រមូលផ្តុំព្រឹត្តិការណ៍ព័ត៌មានពាក់ព័ន្ធការរើសអើង មកកាត់បញ្ចូលគ្នា ដើម្បីដាស់ស្មារតីប្រជាជនលើពិភពលោក បានយ៉ាងឆាប់រហ័ស ឱ្យមានកំហឹងនិងចាប់ផ្តើមតស៊ូជាមួយនឹងការរើសអើងជាតិសាសន៍។
លោកបណ្ឌិតបានបញ្ជាក់ផងដែរថា មហាសេដ្ឋីត្រឹមតែ៨០នាក់ប៉ុណ្ណោះ អាចមានទ្រព្យសម្បត្តិច្រើន ស្មើនឹងមនុស្សក្រីក្រ៣,៤ពាន់លាននាក់ លើពិភពលោក ដែលមនុស្សទាំងអស់នោះ អាចក្លាយជាគោលដៅក្នុងការវាយប្រហារប្រសិនបើតំបន់របស់គេជួបបញ្ហាកើតឡើង។ ហេតុនេះអ្វីដែលពិភពលោកត្រូវធ្វើនាពេលបច្ចុប្បន្ននេះ គឺព្យាយាមក្នុងការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ របស់អ្នកមាន និងអ្នកក្រ៕