Poster រឿងខ្លី I AM ANGKOR WAT
ស្នាដៃរឿងខ្លី I am Angkor Wat, Cambodia Wonderland និង រឿងឯកសារខ្លី “អ្នករត់ធុកធុក” ឈ្នះពានអន្តរជាតិពីសហរដ្ឋអាមេរិករដ្ឋ Los Angeles ក្នុងកម្មវិធីមហោស្រពភាពយន្តអាស៊ីនិង មហោស្រព One Realer film Competition កាលពីដើមឆ្នាំ២០២០ នេះ។
ការណ៍ដែលពិសេស ភាពយន្តទាំង៣ ចំណងជើង ជាស្នាដៃផលិតដឹកនាំសម្ដែង និងកាត់ត ដោយលោក ធីម ប៉ិក ផលិតករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការជាអ្នក Motion Graphic Designer ក្នុងប្រទេសអូស្រ្តាលី។ លោក ធីម ប៉ិក ក៏បានប្រាប់បន្ថែមថា ស្នាដៃផលិតរបស់លោក រៀបចំឡើងក្នុងប្រទេសកម្ពុជាក្នុងកំឡុងពេលវិស្សមកាល ២ សប្តាស៍របស់ខ្លួន។
លោក ធីម ប៉ិក (រូបទី៣ រាប់ពីស្ដាំ) ទទួលពានរង្វាន់ នៅទីក្រុង Los Angeles
ផលិតករខ្មែររូបនេះ បន្តថា ៖ “ខ្ញុំមិនដែលគិតរំពឹងមុនថា នឹងបានឈ្នះរង្វាន់តំណាងស្រុកខ្មែរអីទេការដែលផលិតភាពយន្តខ្លីក្នុងស្រុកខ្មែរ គឺព្រោះខ្ញុំនឹកស្រុកខ្មែរហើយចង់ផលិតរូបភាពទាំងនោះ ទុកជាឯកសារសម្រាប់កូនខ្មែរ ក្នុងនិងក្រៅប្រទេសបានទស្សនាចង់ចាំទឹកដីខ្មែរ និងស្វែងយល់ថាអ្វីជាខ្មែរយើង”។
ចាកចេញពីកម្ពុជាតាំងពីឆ្នាំ១៩៨៤ និងបានរស់នៅជំរុំខៅអីដាង រហូតដល់ឆ្នាំ១៩៨៨ ទើបរូបលោកមានឱកាសរស់នៅក្នុងប្រទេសទី៣ គឺប្រទេសអូស្រ្តាលីមកដល់បច្ចុប្បន្ន។ លោក ធីម ប៉ិក ក៏ធ្លាប់ជាយុវជនកំព្រា រូបលោកមិនដែលធ្លាប់គិតបោះបង់ការសិក្សាឡើង ហើយក៏បន្តជំនាញផ្នែករចនារូបភាព ( Graphic Design) និង Motion Picture រហូតក្លាយខ្លួនជាអ្នកជំនាញផ្នែកកែពណ៌ និងការផលិតរូបភាព VFX ហើយបន្តជីវភាពយ៉ាងល្អជាពលរដ្ឋខ្មែរអូស្រ្តាលី។
ទោះជាយ៉ាងណាក្ដី លោកធីម ប៉ិកនៅតែនឹករលឹកដល់ស្រុកកំណើត និងស្រលាញ់វប្បធម៌ប្រពៃណីនិងចង់បន្តការពារឈាមជ័រជាខ្មែរ ថែមទាំងព្យាយាមផលិតកែច្នៃប្រើប្រាស់ជំនាញដែលខ្លួនមានដើម្បីជួយផ្សព្វផ្សាយពីកម្ពុជា ដែលរូបលោក ពិតជាមានមោទកភាពក្រៃលែង។
លោក ធីម ប៉ិក បន្តថា៖ «ខ្ញុំគិតថា ភាពយន្តនាំឱ្យប្រទេសយើងមានការរីកចម្រើនជឿនលឿន ព្រោះជួយឱ្យពិភពលោកស្គាល់ខ្មែរ តាមរយៈសារក្នុងភាពយន្តកាន់តែប្រសើរ”។
ផលិតករដ៏មានស្នាដៃរូបនេះ លើកឡើងថា វិស័យភាពយន្តក្នុងប្រទេសកម្ពុជាពិតជាត្រូវការការសហការណ៍ពីគ្រប់មជ្ឃដ្ឋាន ពិសេសផលិតករភាពយន្ត ត្រូវតែចេះជួយគ្នារួបរួមគ្នាផលិត ទើបគុណភាពកាន់តែប្រសើរ ចំណេះដឹងកាន់តែរីកសាយនិងកាន់តែផលិតស្នាដៃកាន់តែល្អ អាចឈានដល់ទីផ្សារអន្តរជាតិបាន។
“ភាពយន្តដែលល្អមិនប្រាកដថា យើងត្រូវមានឧបករណ៍ល្អ ចាយលុយច្រើនទេ តែវាត្រូវការអត្ថបទរឿងល្អមានភាពច្នៃប្រឌិត និងរក្សាភាពដើមរបស់ខ្លួនទើបការផលិតអាចទទួលបានជោគជ័យមានការគាំទ្រទូទៅ” លោក ធីមប៉ិក បន្ថែម។
បច្ចុប្បន្ន លោក ធីម ប៉ិក កំពុងរស់នៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី ហើយរូបលោកតែងទទួលកិត្តិយលពីផលិតករ ភាពយន្តក្នុងស្រុកឱ្យជួយ កែពណ៌ភាពយន្តនិងកាត់តផ្សេងៗ រូបលោកក៏ទើបតែមកប្រទេសកម្ពុជា ក្នុងខែមករា ឆ្នាំ ២០២០ដើម្បីថតយកភាពយន្តឯកសារ និងវីដេអូជាច្រើនគម្រោងទៀតក្នុងប្រទេសកម្ពុជា ដើម្បីបន្តបេសកកម្មផ្សព្វផ្សាយពីកម្ពុជាទៅកាន់ពិភពលោក៕