7 ចំណុចនេះ ជួយធ្វើឱ្យជីវិតរបស់អ្នក រស់នៅមានតម្លៃតាមគន្លងធម៌ព្រះពុទ្ធ

នៅលើពិភពលោកនេះ មានវិធីច្រើនណាស់ដែលបង្រៀនមនុស្សឱ្យក្លាយជាបុគ្គលល្អ មានការអភិវឌ្ឍ និងមានតម្លៃ តែនៅក្នុងចំណោមវិធីទាំងអស់នោះ មានចំណុចខ្លះ មនុស្សមិនអាចអនុវត្តបាននោះទេ ឬវិធីសាស្រ្តខ្លះទៀតបែរជាធ្វើឱ្យអ្នកអនុវត្តក្លាយជាជនរងគ្រោះទៅវិញ។ នៅថ្ងៃនេះ ក្រមាប៉ុស្តិ៍ សូមនាំយកវិធីសាស្រ្តសំខាន់ៗ ចំនួន៧ចំណុចដែលជាទស្សនទានព្រះពុទ្ធសាសនា ដើម្បីបង្ហាញជាផ្លូវសម្រាប់អភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សមានតម្លៃ។

ចំណុច​សំខាន់​ទី១៖ ​ស្គាល់​ហេតុ​ ព្រោះ​មនុស្ស​មាន​បញ្ហា​ជម្លោះ​ មានការ​ប្រកាន់ខឹង​និង​ធ្វើ​ឱ្យ​ខូចការ​ ភាគច្រើន​ជា​មនុស្ស​មិន​ស្គាល់​ហេតុ​។ ការ​ស្គាល់​ហេតុនេះ ​គឺ​សំដៅលើ​ការ​ដឹងពី​រឿងរ៉ាវ​ច្បាស់លាស់​ដោយ​រក​ឱ្យ​ឃើញ​ពី​ប្រភព​នៃ​បញ្ហា​ដែល​បាន​កើតឡើង​មុននឹង​ឆ្លើយតប​ មិនមែន​មើលតែ​សភាព​ខាងក្រៅ​ហើយ​វាយតម្លៃ​នោះ​ទេ​។ ពេលខ្លះ​ប្រសិនបើ​យើង ​ចេះតែ​ប្រកាន់ខឹង​ដោយ​មិនបាន​ដឹងពី​ស្ថានភាព​របស់​បុគ្គល​ម្ខាងទៀត​ច្បាស់​ យើង​នឹងអាច​ស្តាយក្រោយ​។

​ចំណុច​សំខាន់​ទី២​៖ គឺ​ស្គាល់​ផល ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​ ចាំបាច់​ត្រូវ​ស្គាល់​និង​គិត​ឱ្យ​ច្បាស់​ពី​ផល​ដែល​ខ្លួន​ធ្វើ​។ មុននឹង​បន្ទោស​ មុននឹង​និយាយ​ស្តី​ មុននឹង​សម្រេចចិត្ត​លើ​រឿង​អ្វីមួយ ​ត្រូវ​គិត​ពី​លទ្ធផល​ចុងក្រោយ​នៃ​ទង្វើ​របស់​ខ្លួន​ជាមុន​សិន​ថា​ តើ​អ្វី​ដែល​យើង​ធ្វើ​នេះ​ផ្តល់​ផល​វិជ្ជមាន​ ឬអវិជ្ជមាន​ដល់​ខ្លួនឯង​និង​អ្នកដទៃ​។ ជាឧទាហរណ៍​ជាក់ស្តែង​ នៅពេល​ដែល​ប្តី​ប្រពន្ធ​ប្រកាន់យក​ត្រូវ​រៀងខ្លួន​ហើយ​មិនបាន​គិត​ពី​ ផល​នៃ​បញ្ហា​ ហើយ​សម្រេចចិត្ត​លែងលះ​ លទ្ធផល​ចុងក្រោយ​មិនមែន​គ្រោះថ្នាក់​តែ២នាក់​នោះ​ទេ​ អ្នក​ដែល​ទទួលផល​អវិជ្ជមាន​ធំជាង​គេ​គឺ​កូន​ ដែល​បាត់បង់​ភាព​កក់ក្តៅ​និង​ជួប​រឿង​លំបាក​ក្នុង​ជីវិត​យូរ អង្វែង​។

ចំណុច​សំខាន់​ទី៣៖ គឺ​ការ​ស្គាល់​ខ្លួនឯង​ ចំណុច​នេះ​ព្រះអង្គ​បាន​ពន្យល់​ថា ​មនុស្ស​ម្នា​ក់ៗ​ត្រូវ​ស្គាល់​ពី​ភាព​ ខ្លាំង​ភាព​ខ្សោយ​របស់​ខ្លួនឯង​ជាមុន​សិន​ ទើប​អាច​អភិវឌ្ឍ​ខ្លួនឯង​បាន​ល្អ​។ មនុស្ស​ក៏​ត្រូវតែ​មាន​គោលដៅ​ ឱ្យ​បាន​ច្បាស់លាស់​ និង​ដឹងពី​កម្រិត​សមត្ថភាព​ដែល​ខ្លួន​មាន​កុំ​ធ្វើការងារ​ឱ្យ​ហួសមាឌ​ ហើយក៏​កុំ​បណ្តោយ​ ខ្លួន​ឱ្យ​ខ្ជីខ្ជា​ខាតបង់​ពេលវេលា​ឥតប្រយោជន៍​ជាដើម​។ ប្រសិនបើ​យើង​ធ្វើអ្វី​មួយ​ហួសពី​លទ្ធភាព ​ខ្លួនឯង​ផ្ទាល់​ យើង​នឹងអាច​ខាតបង់​ បាត់បង់​តម្លៃ​ហើយ​មាន​វិប្បដិសារី​ជាមិនខាន​។

ចំណុច​សំខាន់ទី៤៖ ការ​ស្គាល់​កាល​ទេសៈ​​ ជា​រឿង​សំខាន់​ផង​ដែរ​សម្រាប់​ការ​ធ្វើការងារ​និង​ការរស់នៅ​។ ចំណុច ​ត្រង់នេះ​ គឺ​សំដៅលើ​ការ​ចេះ​ស្គាល់​ពេលវេលា​ ដែល​ត្រូវ​និយាយ​ពេលវេលា​ដែល​ត្រូវ​ស្តាប់​មិនមែន ​អាងតែ​ខ្លួន​មានចំណេះ​ដឹង​ ឬមាន​ឥទ្ធិពល​ធំជាង​គេ​ ចេះតែ​និយាយប៉ាត​ណា​ប៉ាត​ណី​នោះ​ទេ​តែ​ត្រូវ​ចេះ​ ស្គាល់​កាល​ ស្គាល់​វេលា​ទើប​អាច​រីកចម្រើន​ទាំងអស់គ្នា​។ សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា​ មាន​ថេរ​ដីការ​ថា​ប្រសិនបើ​យើង​និយាយ​ នោះ​យើង​គ្រាន់តែ​ប្រាប់​ពី​អ្វី​ដែល​យើង​ចេះ​ស្រាប់ហើយ​ទៅ​គេ​តែ​ប្រសិនបើ យើង​ស្តាប់​ យើង​នឹង​បាន​ឱកាស​ដើម្បី​ទទួល​ចំណេះដឹង​ថ្មី​។

​ចំណុចសំខាន់​ទី៥៖ ការ​ស្គាល់​បុគ្គល​ដែល​យើង​ត្រូវ​ទំនាក់ទំនង​ក្នុង​សង្គម ​គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​គួរ ​យកចិត្ត​ទុកដាក់​។ នៅ​លើ​លោក​នេះ​គ្មាន​អ្នកណា​ម្នាក់​មិន​មាន​ទំនាក់ទំនង​នោះ​ទេ​ហេតុនេះ​ប្រសិនបើ​ ចង់ឱ្យ​ការទាក់ទង​ និង​ការ​ធ្វើការងារ​ជាមួយគ្នាទទួល​បាន​ជោគជ័យ​ លុះត្រាតែ​យើង​ស្គាល់​ថា​គេ​ជា​អ្នកណា​ មាន​ចំណង់​ចំណូលចិត្ត​ដូចម្តេច​? និង​ប្រកាន់​ឬចូលចិត្ត​អ្វីខ្លះ​? ជាដើម​។ ប្រសិនបើ​យើង​ស្គាល់​អ្នក នោះ​ច្បាស់​ហើយ​ យើង​អាច​ធ្វើការងារ​ជាមួយគ្នា​បាន​យ៉ាង​រលូន ​ហើយ​តែងតែ​ចូលចុះ​គ្រប់​កាលៈទេសៈ​ ទាំងអស់​ក្នុង​ការរស់នៅ​។

ចំណុច​សំខាន់ទី៦៖​ ការ​ស្គាល់ប្រមាណ​ គឺ​ទាក់ទង​នឹង​សកម្មភាព​នៃ​ការរស់នៅ​ផ្ទាល់ខ្លួន​វិញ​ម្តង​។ មនុស្ស​ម្នា​ក់ៗ ​ចាំបាច់​ត្រូវតែ​មានទម្លាប់​នៃ​ការរស់នៅ​ ការ​ហូបចុក​ ការសម្រាក​និង​ការកម្សាន្ត​ឱ្យ​មាន​តុល្យភាព​ ដើម្បី​ធ្វើ​ឱ្យ​យើង​មាន​ថាមពល​គ្រប់គ្រាន់​ ក្នុង​ការ​ធ្វើការងារ​សំ​ខាន់​ៗនិង​ជា​ប្រយោជន៍​សម្រាប់មនុស្សទូទៅ ​។

ចំណុច​សំខាន់ទី៧៖​ គឺ​ត្រូវ​ស្គាល់​មនុស្ស​ស្គាល់​វប្បធម៌​ប្រពៃណី​។ ការ​ស្វែងយល់​ពី​វប្បធម៌​សង្គម គឺជារឿង​សំខាន់ណាស់​សម្រាប់​មនុស្ស​ម្នា​ក់ៗ​ ហើយ​កាន់តែ​សំខាន់​ថែមទៀត​នោះ​គឺ​អ្នករក​ស៊ី​។ ប្រសិនបើ​យើង​ ស្គាល់​ពី​វប្បធម៌​សង្គម​ យល់​ពីរ​បៀ​បរ​បបនៃ​ការរស់នៅ​ក្នុង​សង្គម​ច្បាស់ ​និង​ដឹងពី​តម្រូវការ​សង្គម​យើង​នឹងអាច​សម្រប​ខ្លួន​បាន​ល្អ​ ហើយ​ក្លាយជា​បុគ្គល​ដែល​មាន​គេ​ចូលចិត្ត​ច្រើន ​និង​អាច​ឆ្លើយតប​បាន​ជាមួយ នឹង​អ្វី​ដែល​មនុស្ស​ភាគច្រើន​ត្រូវការ​៕