គ្រប់មនុស្សទាំងអស់លើពិភពលោកយើងនេះ សុទ្ធតែត្រូវការភាពមានបាន និងភាពរីកចម្រើន តែប្រសិនបើ យើងចង់មានបានលឿនពេកលោភលន់ពេក និងសម្ភារៈនិយមជ្រុលពេក យើងនឹងធ្វើឱ្យជីវិតរបស់យើងមានបញ្ហាជាក់ជាមិនខាន។
បច្ចុប្បន្ននេះ មានប្រជាជនយើងជាច្រើន បានលង់ខ្លួនជាមួយនឹងភាពចង់មានចង់បានដែលអ្នកខ្លះ បានចាញ់បោកឧបាយកលរបស់អ្នកដែលពូកែអូសទាញឱ្យក្លាយជាមនុស្សជោគជ័យ ឬក្លាយជាសេដ្ឋីក្នុងរយៈពេលខ្លីជាដើម។ មានអ្នកខ្លះបានចំណាយលុយកាក់ ដើម្បីធ្វើជាកូនក្រុមលក់ផលិតផល ទាំងមិន ស្គាល់ប្រភពនិងគុណភាពនៃផលិតផលច្បាស់ដើម្បីក្លាយជាអ្នកមាន ចុងក្រោយក៏បោះបង់ហើយត្រូវ ទទួលស្ថានភាពវេទនាលើសដើម ខណៈអ្នកខ្លះទៀតក្លាយជាជនឆបោកគេបន្តបន្ទាប់ ដើម្បីទទួលបាន លាភសក្ការៈពីក្រុមដែលគាត់កំពុងសេពគប់ជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះលោក គីម ដារ៉ា ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia បានរាប់លើកឡើងថា ដោយសារតែយើងចង់មានលឿន ចង់មានស្រួល ចង់មានដោយមិនចង់មានទំនួលខុសត្រូវធំ ទើបគេងាយបោកយើង យកលុយយើងទៅធ្វើអ្នកមានដោយខ្លួនគេ។ ដើម្បីទាក់ទាញចិត្តយើងគេត្រូវ សំញែងដើម្បីបណ្តុះចិត្តយើងឲ្យចង់បានដូចគេដែរ បន្ទាប់មកគេប្រាប់យើងថា វាងាយទេហើយងាយបំផុតដោយគ្រាន់អនុវត្តតាមគេប្រាប់ទៅ នឹងក្លាយជាអ្នកមានដូចគេដែរ។
លោកគីម ដារ៉ា បានបញ្ជាក់ថា៖ «បើគ្រាន់តែអង្គុយគិតដោយខ្លាចហត់ក៏ក្លាយជាអ្នកមានដែរ ម្លេះលើពិភពលោកយើងលែងមានអ្នកក្រទៀតហើយព្រោះមនុស្សចូលចិត្តគិតរវើរវាយច្រើនជាងខិតខំ ធ្វើ»។ លោកក៏បានបញ្ជាក់ផងដែរថា ចង់មានលឿនពេក ក៏ជាមូលហេតុមួយនាំទៅរកជំងឺបាក់ទឹកចិត្ត ផងដែរ។ ពេលអ្នកឃើញអ្នកណាម្នាក់ដែលអ្នកស្គាល់មានបាន ហើយអ្នកក៏ចង់មានដូចគេហើយអ្នក សង្កេតឃើញថាការងារគេខុសពីអ្នកធ្វើឲ្យអ្នកមានអារម្មណ៍លែងចូលចិត្តការងារខ្លួនឯងទៀតហើយធ្វើការ ទាំងធុញ ពេលធ្វើការទាំងធុញធ្វើឲ្យគុណភាពការងារធ្លាក់ចុះ កាន់តែមិនសប្បាយចិត្ត។
ក្រោយមកអ្នកអាចបោះបង់ការងារដែលខ្លួនធ្លាប់ស្រលាញ់ទៅធ្វើការងារដូចគេព្រោះចង់មានដូចគេ តែ ពេលចាប់ផ្ដើមធ្វើទើបអ្នកដឹងថា វាមិនមែនជាការងារដែលអ្នកចូលចិត្តនោះទេហើយអ្នកក៏ធ្វើវាមិន បានល្អ គុណភាពការងារអន់ ធ្វើឲ្យអ្នកអស់សង្ឃឹម ហើយឈានទៅរកជំងឺបាក់ទឹកចិត្ត។
ភាគជោគជ័យមិនមែនវាស់ដោយចំនួនលុយឡើយ គឺវាស់ដោយសុភមង្គលដែលអ្នកមានភាព រីករាយ ដែលអ្នកមាន ហេតុនេះ ត្រូវចេះរីករាយជាមួយការងាររបស់អ្នក ខិតខំធ្វើវាប្រកបដោយគុណភាពខ្ពស់៕