ខ្លឹមសារនៃជំនួបទ្វេភាគីរវាង នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវ Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក

នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ នៅទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប​ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland)​ អនុរដ្ឋមន្ត្រីការបរទេសស្ដីទី អាមេរិក ។

នៅក្នុងជំនួបនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលបានអញ្ជើញមកទីក្រុងញូវយ៉ក ដើម្បីចូលរួមកិច្ចពិភាក្សាទូទៅ​ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ និងបានអបអរសាទរចំពោះការជ្រើសតាំងសម្ដេចធិបតី ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកជំទាវវ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក​ ស្វាគមន៍ឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចប្រទេសកម្ពុជាទាំងមូល ទទួលបានជោគជ័យ។

កិច្ចពិភាក្សាបានផ្តោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានគោរពជម្រាបជូន សម្ដេចធិបតី ថា​ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថាក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានឹងពិនិត្យ កែសម្រួលនីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ សម្ដេចធិបតី ក៏បាន ស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថាបញ្ហាសុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុកដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់ សម្ដេចធិបតី។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់៕