ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរ​ទន្លេសាប

រាជធានីភ្នំពេញ៖ ​នៅរសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ បានជួបសំណេះ​សំណាលលើកដំបូង​ជាមួយថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរ​ទន្លេសាប នៅទីស្តីការក្រសួង។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះឯកឧត្តម​កិត្តិបណ្ឌិត លឹម គានហោ អតីតរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាវីរជនរបស់ក្រសួង​ដែលបានបន្សល់ទុកនូវស្នាដៃ និងសមិទ្ធផលជាច្រើន។ ឯកឧត្តមបានរម្លឹកឡើងអំពីសារសំខាន់នៃវិស័យធនធានទឹក ដែលត្រូវបានរំលេចឡើងយ៉ាងច្រើនក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានថ្លែងថា វិស័យធនធានទឹកមានភាពស្មុគស្មាញ ដែលត្រូវការធនធានមនុស្សដែលមានជំនាញ​ច្បាស់លាស់ ដើម្បីបំពេញការងារ។

ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ បានមានមតិសំណេះសំណាល ដោយបានលើកសរសើរដល់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងបានសម្តែងនូវការគោរពដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តដល់ឯកឧត្តមក្នុងការងារដឹកនាំគ្រប់គ្រងក្រសួងធនធានទឹក និងឧតុនិយម ក្នុងរយៈពេល ៥អាណត្តិកន្លងមក។

ឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ ក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់លើការងារបច្ចេកទេសដែលមានលក្ខណៈស្មុគស្មាញ ពិសេសការងារសាងសង់ ដោយប្រើប្រាស់ភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ ឯកឧត្តមកិត្តិបណ្ឌិតមានក្តីសង្ឃឹមយ៉ាងមុតមាំលើឯកឧត្តមរដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំក្រសួងធនធានទឹក និងឧតុនិយមកាន់តែមាន ការអភិវឌ្ឍរីកចម្រើន។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមក៏បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត និងផ្តល់ឱកាសដល់ឯកឧត្តម ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមលើវិស័យធនធានទឹក និងឧតុនិយម ឱ្យកាន់តែរីកចំរើន កាន់តែល្អប្រសើរទ្វេឡើងថែមទៀត។

ជាការតបស្នងចំពោះការផ្តល់ឱកាសដ៏វិសេសវិសាលខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការ បេ្តជ្ញាចិត្តយ៉ាងមោះមុត ដើម្បីបន្តថែរក្សា ការពារ សមិទ្ធផលដែលមានពីមុនមក និងបង្កើនសមិទ្ធផលថ្មីៗ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ កិច្ចការងារដ៏ឧត្តុមឧត្តុង្គនេះ ទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម មានជំនឿយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តខ្ពស់ ព្រមជាមួយនឹងសេចក្តីសង្ឃឹមថារួមគ្នាជាធ្លុងមួយបំពេញឱ្យបាននូវបេសកកម្មចម្បង ដែល​រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានប្រគល់ជូន៕