អ្នកវិភាគថា ការមិនចាយលុយដុល្លារតូចៗ ចំណេញដល់សេដ្ឋកិច្ចកម្ពុជា

វិធានការណ៍លើក្រដាសប្រាក់  1$  2$  និង5$  បានក្លាយជាប្រធានបទយ៉ាងមានប្រជាប្រិយភាពសម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ ព្រោះប្រជាជនជាច្រើននាក់មានកាន់ក្រដាសប្រាក់ប្រភេទនេះនៅក្នុងដៃ ជាពិសេស​អ្នកដែលប្រកបរបរលក់រាយ។

ពាក់ព័ន្ធនឹងបញ្ហានេះ   អ្នកវិភាគសេដ្ឋកិច្ច​បានលើកឡើងថា​  ការចាត់វិធានការណ៍របស់ធនាគារជាតិនៃកម្ពុជាចំពោះលុយដុល្លាររាយនេះ ជារឿងចំណេញសម្រាប់សេដ្ឋកិច្ចកម្ពុជា  ហើយជាផ្នែកវិជ្ជមានផងដែរសម្រាប់លើកតម្កើងប្រាក់រៀលរបស់ខ្មែរ។

លោកបណ្ឌិត  ចាន់  សុផល អ្នកជំនាញសេដ្ឋកិច្ចបានបញ្ជាក់ថា  លោកគាំទ្រចំពោះចំណាត់ការ​  របស់ធនាគារជាតិនៃកម្ពុជាចំពោះប្រាក់ដុល្លាររាយៗទាំងអស់នេះ។ លោកបញ្ជាក់ថា  ការធ្វើដូចនេះ  នាំឱ្យកម្ពុជាចំណេញ​បានពីការបោះពុម្ពក្រដាសប្រាក់ថ្មី យកមកជំនួសពួកវា។  ជាទៅទូប្រទេស​ណា​បោះពុម្ពរូបិយប័ណ្ណបានប្រទេសនោះចំណេញច្រើន។ ឧទាហរណ៍​ប្រទេសអាមេរិក​ចំណាយតែ 2សេនប៉ុណ្ណោះសម្រាប់ការបោះពុម្ពក្រដាសប្រាក់100ដុល្លារ។

លោកបណ្ឌិត  ចាន់  សុផល បានលើកឡើងថា៖  «​បើតាមខ្ញុំយល់  គេអាចឱ្យអ្នកមានក្រដាសប្រាក់​ទាំងនេះដូរ​តាមកន្លែងប្តូរប្រាក់យកប្រាក់រៀល ហើយឱ្យចំណេញ10% ថែមទៀតដើម្បីប្រមូលឆាប់អស់ពីទីផ្សារ»។

អ្នកជំនាញខាងលើបានបន្ថែមទៀតថា  ការបោះពុម្ពក្រដាសប្រាក់រៀលជំនួសពួកវា  (ក្រដាសប្រាក់ដុល្លាររាយ) ទំនងជាចំណេញច្រើនជាង  10% ឆ្ងាយណាស់។  គេអាចអនុវត្ត​កម្មវិធីនេះ​រយៈពេល​ពីរ  ឬបីខែ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលក្រដាសប្រាក់តម្លៃទាបៗនេះតទៅទៀតពីបរទេស។ បន្ទាប់ពីនេះ  គេអាច​ដូរបាន​តាមកន្លែងប្តូរប្រាក់  និង​តាមធនាគារជាតិជាចុងក្រោយ  ដោយកាត់តម្លៃ  10%  ទៅវិញ។

ពាក់ព័ន្ធនឹងបញ្ហាក្រដាសប្រាក់ដុល្លាររាយៗនេះ  ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសហើយថា  នៅតែអាចចរាចរណ៍បានលើទីផ្សារជាធម្មតា​ ខណៈយន្តការនៃការ​ចាត់វិធានការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​គ្រាន់តែជាផ្នែកមួយដើម្បីកាត់បន្ថយ​ចំនួនប្រាក់ដុល្លារប្រភេទនេះ​នៅកម្ពុជាតែប៉ុណ្ណោះ  មិនមែនមានន័យថាឈប់ចាយនោះទេ។ តែទោះជាយ៉ាងនេះក្តី  ប្រជាជនមួយចំនួនហាក់មានការបារម្ភ  និងចាប់ផ្តើមឈប់ចាយស្របពេលដែលមានអ្នកខ្លះបង្ហាញការយល់ឃើញផ្សេងៗគ្នាជុំវិញបញ្ហានេះ ដោយក្នុងនោះមានទាំងភាពរីករាយ  និងការព្រួយបារម្ភ។

អ្នកជំនាញ​ផ្នែកហិរញ្ញវត្ថុ  លោក  ង៉ែត​ ជូ  បានលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះថា  ខ្ញុំគាំទ្រ​ការឈប់ចាយ​ក្រដាសប្រាក់តូចៗ  ព្រោះយើងអាចជំនួសដោយការចាយ​ប្រាក់រៀលយ៉ាងងាយស្រួល និងវិធីសាស្ត្រជំហានៗឈានទៅរកការកាត់បន្ថយ​ការប្រើប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចកម្ពុជា។ ចាប់ពីថ្ងៃនេះ  បើមានក្រដាសប្រាក់ 1$  2$  ឬ5$  អាចយកទៅបង់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលប្រជាជនជំពាក់បាន។  នេះជាពេលវេលាល្អ​ដ៏មមាញឹក  ដែលគ្រឹះស្ថានទាំងនោះត្រូវ​ទទួលយកក្រដាសប្រាក់ដុល្លារតូចៗ។

លោក  ង៉ែត  ជូ បញ្ជាក់ផងដែរថា  មកដល់ពេលនេះធនាគារជាតិនៃកម្ពុជា​មិនទាន់មានសេចក្តីសម្រេចជាក់លាក់ថាឱ្យឈប់ចរាចរណ៍ក្រដាសប្រាក់ទាំងនោះទេ។

គួរបញ្ជាក់ថា  បើតាមស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច  កាលណាប្រជាជនចាប់ផ្តើមចាយក្រដាសប្រាក់របស់ប្រទេសខ្លួនមានន័យថាប្រទេសនោះចំណេញច្រើន ព្រោះការចាយលុយជាតិមានន័យថាជាការធ្វើឱ្យក្រដាសប្រាក់ទាំងអស់នោះមានតម្លៃខ្ពស់។ ជាក់ស្តែង  ក្រដាសប្រាក់មួយសន្លឹក​គេចំណាយត្រឹមតែប៉ុន្មានសេន ឬត្រឹមតែប៉ុន្មានរយរៀលតែប៉ុណ្ណោះដើម្បីបោះវាចេញ​ តែក្រោយពេលដែលវាត្រូវបានគេចាយនោះរូបិយប័ណ្ណនោះនឹងក្លាយជារបស់មានតម្លៃ2ម៉ឺន  5ម៉ឺន  ឬច្រើនម៉ឺនទៅតាមទំហំដែលបានកំណត់ដោយធនាគារកណ្តាល។ ហេតុនេះការចូលរួមចាយលុយរៀល  ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ៕

លោកបណ្ឌិត ចាន់ សុផល អ្នកជំនាញសេដ្ឋកិច្ច