កម្ពុជាស្នើឲ្យវៀតណាម រុះរើតង់ទាំង៣១កន្លែង ឲ្យបានឆាប់ ចេញពីតំបន់ព្រំដែនខេត្តកណ្តាល

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២០ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួងការបរទេស បានអញ្ជើញឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកជួប​ពិភាក្សា និងបានស្នើ​ឲ្យភាគីវៀតណាម រុះរើតង់ ចេញទាំងអស់ ឲ្យបានឆាប់ហើយបន្តរក្សាស្ថានភាព​ដើម មិន​កែប្រែក្នុងតំបន់នោះរហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់​ខ្សែព្រំដែន​ជាក់លាក់ជាស្ថាពរ នៅតំបន់នោះដើម្បីប្រែក្លាយតំបន់​ព្រំដែន​ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់​ប្រជាជននៃប្រទេសទាំងពីរ​។ នេះបើតាមសេចក្តីប្រកាស ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងការបរទេស ស្ដីពីការ ការបោះបង់របស់វៀតណាមនៅតំបន់ព្រំដែន ក្នុងខេត្តកណ្ដាលជាប់នឹងខេត្តអានយ៉ាង(វៀតណាម) ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីកម្ពុជា បានផ្ញើកំណត់ទូតទៅវៀតណាម កាលពីថ្ងៃទី ២៨ ឧសភា ឆ្នាំ ២០២០កន្លងមក អាជ្ញាធរវៀតណាម ក៏បានសន្យាថានឹងធ្វើការរុះរើតង់ ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ។ តែយ៉ាងណាក៏ដោយ រហូតដល់ថ្ងៃទី០១មិថុនា ឆ្នាំ២០២០ តង់របស់វៀតណាមទាំងនោះ មិនទាន់រើចេញនៅឡើយ៕