រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបនឹងបានចុះផ្សាយ បានឲ្យដឹងថាកម្ពុជាសម្រេចបានការនាំចេញអង្ករ ៣៥៦,០៩៧តោនក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ដែលមានកំណើនជាង៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន។
ខណៈដែលការនាំចេញកើនឡើង ក្នុងរបាយការណ៍ក៏បានបង្ហាញដែរថា ប្រទេសចិនបានគ្រប់គ្រងចំនួន៣៨%នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤%បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន១៣% និងប្រទេសផ្សេងទៀត រួមមានអូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក មានចំនួន១៥%។
បើតាមការគណនារបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ទទួលបានចំណូលជាង ២៤១លានដុល្លារ។ទោះបីអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូល លើទឹកប្រាក់ចំនួន ១៥០អឺរ៉ូ ក្នុងមួយតោនក៏ដោយក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុប មានសន្ទុះឡើងខ្ពស់ គឺជាង ៥១%៕