សម្ដេចតេជោ ចុះពិនិត្យការស្ថាបនា ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលសម្រេចបានជាង៩០%ហើយ

សម្ដេចតេជោ ចុះពិនិត្យការស្ថាបនា ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលសម្រេចបានជាង៩០%ហើយ

ក្រុងព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិនិត្យលទ្ធផលដំបូងនៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ១ មិថុនាឆ្នាំ ២០២០នេះ។ ផ្លូវចំនួន៣៤ខ្សែនេះ ជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ មកដល់ពេលនេះសម្រេចបាន ក្នុងការសាងសង់ប្រមាណជាង៩០%។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាង ដែលជាផ្លូវប្រកបដោយប្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩។

រាជរដ្ឋាភិបាលបានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោកនិងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរនិងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថាការងារស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ សម្រេចបានប្រមាណ ៩៤%ដោយមិនគិតបញ្ចូលការងារអ៊ុត កៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងស្តុបចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវនិងការរៀបកម្រាលថ្មក្រានីត៕