ឃើញ Steve Jobs, Bill Gates និង Mark Zuckerberg ឈប់រៀន​ក្លាយជា​អ្នកមាន សាក​ឈប់​ដែរ​មើល៍​ក្រែង​រលាយ

យុវជន​បច្ចុប្បន្ន​មួយចំនួន បាន​ឈ្លក់​វង្វេង​ជាមួយនឹង​គន្លឹះ​ក្លាយជា​បុគ្គល​អស្ចារ្យ​ជ្រុលនិយម រហូត​ធ្វើ​ឱ្យ​ខ្លួនឯង និង​សង្គម​ត្រូវ​រងគ្រោះ។ ដោយសារតែ​ការ​បំផុស​របស់​អ្នកចេះ​មួយចំនួន​តូច បានបង្ហាញ​ផ្លូវ​បែបស្រាលៗឱ្យ​ក្មេង​មាន​ម​ហិច​តាចង់​ក្លាយជា​អ្នកមាន ឬ​បុគ្គល​អស្ចារ្យ តែ​មិនបាន​បង្ហាញថា​ធ្វើយ៉ាងណា​ឱ្យ​ដល់​ចំណុច​ដែល​ចង់បាន​នោះ និង​អនុវត្ត​ដោយ​វិធី​ណា​ដើម្បី​ស្របទៅនឹង​បរិបទ​សង្គម​កម្ពុជា។

ក្រោយពី​ទទួលបាន​ការ​បំផុសទឹកចិត្ត​ឱ្យ​មានគំនិត​ចង់មានចង់បាន​ហើយដោយសារតែ​កង្វះ​ចំណេះដឹង និង​មិន​យល់ច្បាស់​ពី​សង្គម យុវជន​មួយចំនួន​ចាប់ផ្តើម​លែង​ចង់​រៀន​ជំនាញ​ណាមួយ​ឱ្យ​ច្បាស់លាស់ (Academics) ហើយ​គិតតែ​ពី​អាន និង​ស្វែងយល់​គ្រប់​ទីកន្លែង​ពី​បុគ្គល​ជោគជ័យ​ខ្លាំង​លើ​ពិភពលោកទាំង​ភ្លេច​ថា​ខ្លួនឯង​នៅទីណា? សង្គម​មាន​លក្ខណៈ​ដូចម្តេច?វប្បធម៌​របស់​យើង​ខុសពី​គេ​លើ​ចំណុច​ណាខ្លះ? ហើយ​អ្វីដែល​គួរ​ធ្វើ​ពិតប្រាកដ​នៅ​កម្ពុជា? រហូតដល់​ពួកគេ​ឆ្លក់​វង្វេង​ជាមួយនឹង​ម​ហិច​តា​ជ្រុលនិយមប្រឡូក​ជាមួយនឹង​ការរកស៊ី​ដោយ​មិនមាន​ចំណេះដឹង​ជា​មូលដ្ឋានគ្រឹះ និង​មិន​ចង់​ចូលរួម​ក្នុង​សកម្មភាព​សង្គមដោយ​គិតថា​ឥតប្រយោជន៍។ ទីបំផុត​ទឹកចិត្ត​លោភលន់​ជ្រុល ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់ទឹក ព្រោះ​មិន​យល់ច្បាស់​ពី​សង្គមនិង​មិន​យល់ច្បាស់​ពី​បំណង​ពិត​របស់​បុគ្គល​អស្ចារ្យ​ទាំងអស់នោះ។

មាន​អ្នកខ្លះ​រៀន​តាម Steve Jobs ឬ BillGates ដើម្បី​ក្លាយជា​អ្នកមាន ហើយ​គិតថា បុគ្គល​ល្បីល្បាញ​ទាំងអស់នោះ​សុខចិត្ត​ឈប់រៀន​ដើម្បី​ធ្វើជា​អ្នកមាន​ឆាប់។រឿង​អី​យើង​ធ្វើ​មិនបាន!ដល់ពេល​ធ្វើតាម​បានដឹងថា​ទឹកភ្នែក​ជូត​ក្បាលជង្គង់។

នៅក្នុង​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា ThePresentation Secrete of Steve Jobs បាន​រៀបរាប់​ពី​ជីវិតខ្លះៗរបស់Steve ថា «ខ្ញុំ​សរសើរ BillGates ដែល​ខិតខំ​ធ្វើការ​ងារ​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ ដោយ​មិន​ចង់​ក្លាយជា​សេដ្ឋី​នៅលើ​ទីលាន​ដែល​គ្មាន​ន័យ។ខ្ញុំ​ក៏​ដូចគ្នា អ្វីដែល​ខ្ញុំ​ធ្វើ​គឺ​សម្រេច​ក្តី​ស្រមៃ​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​តាមរយៈ​ផលិតផល​របស់Apple។ ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​យ៉ាងខ្លាំង ហើយ​ខ្ញុំ​សប្បាយចិត្ត​នៅពេលដែល​ខ្ញុំ​មាន​ហេតុផល​ល្អ​ប្រាប់​ខ្លួនឯង​ថា​ខ្ញុំ​អាច​សម្រេច​សម្មិទ្ធផល​យ៉ាង​ល្អ​មួយមុនពេល​ចូលដេក។ ខ្ញុំ​ខិតខំ​ពេញ​មួយជីវិត​ដើម្បី​ក្តី​ស្រមៃ និង​ធ្វើ​ដោយ​ក្តី​ស្រឡាញ់បន្ទាប់មក​ទ្រព្យសម្បត្តិ​នឹង​កើត​ឡើងជា​ក្រោយ»។

ងាក​មក Mark Zuckerberg វិញ​ក៏​ជា​អ្នក​ដែល​ធ្វើ​ការងារ​ដោយ​មិនមាន​ភាព​លោភលន់​ដែរ។នៅពេលដែល​ក្រុមហ៊ុន Yahoo សុំ​ទិញ Facebook ក្នុងតម្លៃ ១ពាន់​លាន​ដុល្លា​នោះប្រសិនបើ​គាត់​ធ្វើការ​ដើម្បី​តែ​ចង់បាន​លុយ គាត់​លក់​តាំងពី​ពេលនោះ​បាត់ទៅហើយ មិនមែន​ចាំបាច់​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​តាំងពី​ក្រុមហ៊ុន​នៅ​ខ្សោយ​រហូតដល់​ពេលបច្ចុប្បន្ន​ទេ។

សូម​គិត​ឱ្យ​ច្បាស់​មុន​នឹងធ្វើ​អ្វីមួយ!

ស្វែងយល់​ពី​ឱ្យ​ច្បាស់​ពី​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ កុំ​មើល​តែ​ពី​ជ្រុង​អស្ចារ្យហើយ​ភ្លេច​គិតពី​ចំណេះដឹង​ពិតប្រាកដ​ដែល​ត្រូវ​រៀន និង​អភិវឌ្ឍ។ សម្រាប់​កម្ពុជា​មានរឿង​ដែល​គួរ​ឱ្យ​សោកស្តាយ​មួយ​ត្រង់សៀវភៅ​ស្តីពី​វិធី​ធ្វើ​មាន ធ្វើបាន និង​គន្លឹះ​ជោគជ័យ​ច្រើន​ជ្រុល ហើយ​សៀវភៅ​ស្តីពី​សង្គមនិង​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​មាន​ចំនួន​តិច​តូច​ណាស់​បើ​ប្រៀបធៀប​ជាមួយគ្នា។សៀវភៅ​ស្តីពី​ចំណេះដឹង​សង្គម ឬ​ចំណេះដឹង​ជាក់លាក់​មាន​ប្រហែលជា​មិន​ដល់២០% ផង​ក្នុង​បណ្ណាគារ។

មិន​ឃាត់​ទេ​ចំពោះ​ការស្វែងយល់​ពី​បុគ្គល​ឆ្នើម ហើយ​សិក្សា​ជំនាញ​ទន់​ដើម្បី​អភិវឌ្ឍ​ជីវិតខ្ញុំ​ក៏​អាន ព្យាយាម​ស្វែងយល់ និង​ធ្លាប់​សរសេរ​សៀវភៅ​ប្រភេទ​នេះ​ខ្លះ​ដែរ តែ​កុំ​ជ្រុលនិយម។ សិក្សា​ពី​សង្គម​ជាក់ស្តែង​ខ្លះ​ផងសូម​ងាក​មក​អាន​សៀវភៅ​ដែលមាន​ប្រយោជន៍ ឬ​កាសែត​ស្តីពី​សេដ្ឋកិច្ច សង្គម ឬ​ការអប់រំ​នៅ​កម្ពុជា​ខ្លះ​ផង។ អរគុណ តាមរយៈ​អត្ថបទ​នេះ​សង្ឃឹមថានឹង​អាចរួមចំណែក​ជា​គំនិត​មួយ​សម្រាប់​ការពិចារណា និង​យល់​ពី​អត្ថន័យ​ពិតប្រាកដ​នៅ​ពីក្រោយ​សេចក្តី​លោភ​ដោយ​គ្មាន​មូលដ្ឋាន៕