ថ្ងៃមួយ ឪពុកអ្នកមានម្នាក់បាននាំកូនប្រុសរបស់គាត់ទៅលេងតំបន់ជនបទដាច់ស្រយាលមួយ ដើម្បីបង្ហាញកូនប្រុសរបស់គាត់ពីរបៀបរស់នៅរបស់អ្នកនៅមូលដ្ឋាននោះ។ ពួកគេបានចំណាយពេលគេងពីរបីថ្ងៃនៅក្នុងកសិដ្ឋានរបស់គ្រួសារក្រីក្រមួយ។
ពេលធ្វើដំណើរត្រឡប់មកផ្ទះវិញឪពុកបានសួរកូនប្រុសថា តើកូនចូលចិត្តដំណើរកម្សាន្តនេះទេ? កូនប្រុសឆ្លើយថា "វាជាការចង់ចាំដ៏អស្ចារ្យណាស់, លោកពុក”
ឪពុកបន្តសួរកូនថា “តើកូនឃើញពីការរស់នៅរបស់អ្នកនៅតំបន់នេះទេ?” ហើយកូនបានរៀនអ្វីខ្លះពីការមកស្នាក់នៅទីនេះ?”
កូនប្រុសឆ្លើយថា “បាទពុក កូនបានឃើញពីការរស់នៅរបស់អ្នកមូលដ្ឋាននេះ។កូនបានឃើញថា “យើងមានឆ្កែ១ក្បាល តែពួកគាត់មានឆ្កែដល់ទៅ៤ក្បាលនិងសត្វចិញ្ចឹមផ្សេងទៀត។យើងមានអាងទឹកនៅកណ្ដាលសួនច្បារ តែគាត់មានព្រែកដ៏វែងអន្លាយនិងបឹងដ៏ធំ។ ផ្ទះយើងមានអំពូលភ្លើង ម៉ាស៊ីនត្រជាក់ តែផ្ទះគាត់អាចឃើញផ្កាយរាប់មិនអស់និងខ្យល់់ត្រជាក់បែបធម្មជាតិ។ យើងមានទីធ្លាខាងមុខផ្ទះបន្តិចសម្រាប់រត់លេង តែគាត់មានវាលស្រែខៀវស្រងាត់ មើលដាច់កន្ទុយភ្នែក។ ម៉ោង១១យប់ ពុកមិនទាន់បានគេងផង តែគាត់ម៉ោង៩គេងលក់ដោយស្កប់ស្កល់។”
យើងតែងទិញអាហារពីក្រៅមកញាំ ប៉ុន្តែពួកគាត់ដាំបន្លែជុំវិញផ្ទះ និងធ្វើម្ហូបដោយខ្លួនឯង។ កូនអាយុ៨ឆ្នាំ មិនទាន់ចេះដាំបាយតែកូនគាត់៦ឆ្នាំ អាចធ្វើម្ហូបដោយខ្លួនឯងបានទៅហើយ។ យើងមានជញ្ជាំងផ្ទះបិទជិត ពួកគាត់មិនត្រូវការរបងផ្ទះដោយគាត់មានផ្ទះអ្នកជិតខាង ដែលអាចជួយការពារគ្នាទៅវិញទៅមកនិងអាចជជែកគ្នាលែងពីផ្ទះម្ខាងទៅម្ខាង។
ឪពុករបស់ក្មេងប្រុសលឺនូវការរៀបរាប់របស់កូនហើយ ក៏មិនបាននិយាយតបតអ្វីទេដោយរំជួលចិត្តនឹងការលើកឡើងរបស់កូន។ បន្តិចមកទៀតកូនប្រុសគាត់ក៏បានបង្ហើបសំឡេងថា “ឃើញការរស់នៅបែបនេះ វាពិតជាបង្ហាញឱ្យកូនឃើញថាគ្រួសាររបស់យើងទេដែលក្រមែន”។
ជាញឹកញ៉ាប់យើងតែងភ្លេចអ្វីដែលយើងមាន ហើយផ្ដោតលើអ្វីដែលយើងមិនមាន។ អ្វីដែលយើងយល់ថា មានតម្លៃ តែពេលខ្លះវាអាចនឹងគ្មានតម្លៃសម្រាប់អ្នកដទៃ។ អ្វីទាំងអស់គឺផ្អែកតាមទស្សនៈរបស់បុគ្គលម្នាក់ៗ។ ពេលខ្លះ ទស្សនៈរបស់ក្មេង ក៏ជាការក្រើនរំលឹកដល់យើងពីអ្វីដែលសំខាន់និងចាំបាច់ក្នុងការរស់នៅ៕