រយៈពេលពីរថ្ងៃកន្លងមកនេះ ចាប់ពីថ្ងៃទី១៤ និង១៥ ខែធ្នូនេះ ព្រឹត្តិការណ៍រំលឹកគុណអង្គរ បានប្រព្រឹត្តិទៅយ៉ាងឱឡារិក អធិកអធម្ម ព្រមជាមួយកម្មវិធីជាច្រើន ទាំងបែបប្រពៃណីសាសនា កម្មវិធីពិព័រណ៍បង្ហាញសមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា និងការសម្តែងសិល្បៈជាច្រើនទម្រង់។ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនចូលរួមទស្សនា ស្វែងយល់។
លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃចុងក្រោយនៅក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ សកម្មភាព និងកម្មវិធីជាច្រើននៅតែបន្ត ដើម្បីឱ្យសាធារណៈជនបានចូលរួមទស្សនាកម្សាន្តដោយសេរី។
លោកបន្តថា ចាប់ពីម៉ោង០៨៖០០ព្រឹក រហូតដល់ម៉ោង១៧៖០០ល្ងាច មានតាំងពិព័រណ៍សមិទ្ធផលការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ការតាំងបង្ហាញពីសកម្មភាពនៅសារមន្ទីរ សកម្មភាពការងារតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងសកម្មភាពផ្សេងៗ រួមមានការតាំងពិព័រណ៍សៀវភៅប្រវត្តិសាស្ត្រខ្មែរ និងបរទេស។ នៅតាមស្តង់បង្ហាញនីមួយៗមានអ្នកជំនាញលើផ្នែកផ្សេងៗរបស់អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ល។ កម្មវិធីខាងលើរៀបចំនៅទីតាំង៖ បរិវេណមុខប្រាសាទអង្គរវត្ត និងការដ្ឋាននានាក្នុងតំបន់រមណីយដ្ឋានអង្គរ។
លោកបន្តថា នៅពេលល្ងាចចាប់ពីម៉ោង១៨៖០០ ដល់ម៉ោង២២៖០០ មានការសម្តែងសិល្បៈល្ខោនស្បែកធំ សម្តែងដោយក្រុមសិល្បៈវត្តរាជបូរណ៍ និងព្រឹត្តិការណ៍ល្បែងសៀកជាដើម។ មានទីតាំងនៅបរិវេណខាងត្បូង នៃទីលានបដិសណ្ឋាកិច្ច (អតីតអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ)។
លោក ឡុង កុសល មានប្រសាសន៍បន្តថា កម្មវិធីខាងលើនឹងបើកឱ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ក្នុងន័យនេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករ៕