សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យា ដែលជាវិទ្យាស្ថានមួយបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា។
បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងវិទ្យាស្ថានបានឲ្យដឹងថា ក្នុងក្តីស្រមៃរបស់ឯកឧត្តម ហ្វីដែល កាស្រ្តូអតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ឯកឧត្តម នឹងខិតខំធ្វើយ៉ាងឲ្យមានការបង្កើតឡើងនូវមជ្ឈមណ្ឌលវិស្វកម្មហ្សេន និងជីវបច្ចេកវិទ្យានេះឡើង ដើម្បីជួយដល់បញ្ញាវ័ន្តគុយបា បានធ្វើការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តទាក់ទិនទៅនឹងវិស័យកសិកម្ម សុខាភិបាល និងការអភិវឌ្ឍសមត្ថភាព។
សូមបញ្ជាក់ថា សាធារណរដ្ឋគុយបា ជាប្រទេសកោះធំជាងគេបង្អស់ ក្នុងចំណោមដែនដីកោះ នៅសមុទ្រការ៉ាអ៊ីប និងជាកូនសោនៃច្រកឈូងសមុទ្រមិចស៊ិក ដែលជាទីតាំងភូមិសាស្រ្ត និងយុទ្ធសាស្រ្តល្អឥតខ្ចោះ សំរាប់រភ្ជាប់តំបន់អាមេរិកកណ្តាល អាមេរិកខាងត្បូង និងការ៉ាអ៊ីប ទៅកាន់សហរដ្ឋអាមេរិក។ គុយបាមានធនធានធម្មជាតិដ៏សំបូរបែប មានសន្តិភាពយូរអង្វែង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តស្ទើររៀបរយទាំងស្រុង ដែលបន្សល់ទុកដោយអាណានិគមអេស្បាញ និងរដ្ឋាភិបាលមុនសម័យបដិវត្តន៍ ហើយធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ រាប់ពីការនាំចេញស្ករស កំណត់ត្រាខ្ពស់ នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស រហូតដល់ការនាំចេញធនធានមនុស្សជាដើម។
បច្ចុប្បន្នគុយបា បាននិងកំពុងប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងររួមមាន កង្វះអាហារ ថ្នាំពេទ្យ បរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ លំនៅដ្ឋាន ការខកខានសងបំណុលបរទេស កំណើននៃចលនាចំណាកស្រុក និងអត្រាអតិផរណាខ្ពស់ជាដើម។ ក្នុងន័យជំរុញការរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ ឯកឧត្តម ហ្វីដែល កាស្រ្តូ បានបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីបង្កើនការសិក្សាស្រាវជ្រាវ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសគុយបាឲ្យកាន់តែរីកចំរើន។ មជ្ឈមណ្ឌលមានការរីកចំរើនធំធាត់ប្រកបដោគុណភាពលើផ្នែកវិទ្យាសាស្រ្ត វិស្វកម្ម ហ្សេន និងជីវបច្ចេកវិទ្យា ពិសេសលើការសិក្សាស្រាវជ្រាវទៅលើវិស័យសុខាបាល តាមរយៈការបង្កើតវ៉ាក់សាំងប្រឆាំងទៅនិងជំងឺមហារីក ទឹកនោមផ្អែម វ៉ាកសាំងជំងឺកូវីដ-១៩ ដែលគុយបាផលិតដោយផ្ទាល់។
បន្ទាប់ពីបានតាមដានស្តាប់រួចមក សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ឲ្យ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើការទំនាក់ទំនងជាមួយនិងមជ្ឈមណ្ឌលនេះ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើការនាំចូល រឺផលិតវ៉ាក់សាំងការពារជំងឺមហារីក និងទឹកនោមផ្អែមមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រោះថាកម្ពុជាមានអត្រាមនុស្សកើតជំងឺទាំងពីរប្រភេទនេះខ្ពស់។ ថ្នាក់ដឹកនាំវិទ្យាស្ថានបានទទួលយកនូវសំណូមពររបស់សម្តេចតេជោ ហើយនឹងបន្តសហការជាមួយនិងក្រសួងសុខាភិបាលកម្ពុជា៕