នាយករដ្ឋមន្រ្តី ប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរ ឯស្ថាប័នរដ្ឋនិងឯកជន បន្តធ្វើការធម្មតា

រាជធានីភ្នំពេញ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្អាកបុណ្យចូលឆ្នាំខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។ 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចតេជោ បានលើកឡើងថា ផ្អាកបុណ្យចូលឆ្នាំប្រពៃណីខែ្មរ ដើម្បីជាការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ ចំណែកស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន នៅបន្តធ្វើការធម្មតា។

ការសម្រេចផ្អាក និងបន្តធ្វើការធម្មតានៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ រដ្ឋនឹងសងថ្ងៃឈប់សំរាករយៈពេល ៥ថ្ងៃវិញ នៅពេលវេលាសមស្រប។

សូមជម្រាបដែរថា ករណីឆ្លងកូវីដនៅកម្ពុជា មានចំនួនសរុប ១១៥នាក់ ខណៈអ្នកជាសះស្បើយចំនួន ៥៨នាក់។ នេះបើតាមតួលេខចុងក្រោយ ដែលបានចុះផ្សាយដោយក្រសួងសុខាភិបាល នាថ្ងៃ ៧ មេសា នេះ៕