សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KITAOKA Shinichi អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម KITAOKA បានគោរពសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនសម្ដេចតេជោ ដែលបានផ្ញើសាររំលែកមរណៈទុក្ខរបស់ឯកឧត្តម Shinzo Abe ។ ឯកឧត្តម KITAOKA មានប្រសាសន៍បន្តថា កម្ពុជា ជាដៃគូយ៉ាងសំខាន់របស់ជប៉ុន ។ ប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការច្រើន ហើយឈរលើមូលដ្ឋានការយល់គ្នាទៅវិញទៅមក លទ្ធភាពល្អ និងជាពិសេស ប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលទាំងពីរ ធ្វើឲ្យគេសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានជោគជ័យ។
ឯកឧត្តម KITAOKA បានឆ្លៀតឱកាសនោះ សំដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំជាប្រធានអាស៊ាន របស់សម្ដេចតេជោ ជាពិសេស ចំពោះវិធានការនៅប្រទេសមីយ៉ាន់ម៉ា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម KITAOKA ថា ឯកឧត្តម អាបេ ជាអ្នកមានគុណសម្រាប់យើង និងប្រទេសទាំងពីរ។ ឯកឧត្តម អាបេ បានបន្សល់ទុកនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា ក្នុងនោះរួមទាំងស្ពានគីហ្សូណា ស្ពានអ្នកលឿង ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ។ ក្រៅពីជួយកម្ពុជា តាមរយៈជំនួយរដ្ឋាភិបាល ឯកឧត្តម អាបេ ក៏បានជួយកម្ពុជា តាមរយៈការកសាងសាលារៀនឲ្យកម្ពុជា តាមរយៈសមាគមសភាជប៉ុនផងដែរ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ឯកឧត្តម អាបេ តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារតំបន់ ក៏ដូចជាការងារមនុស្សធម៌ផងដែរ។ ឯកឧត្តម អាបេ តែងតែឆ្លៀតប្រជុំជប៉ុន-មេគង្គ យ៉ាងទៀងទាត់ ទោះមានការមមារញឹកយ៉ាងណាក៏ដោយ ហើយរាល់ពេលក្នុងកិច្ចប្រជុំ ឯកឧត្តម អាបេ តែងតែលើកឡើងអំពីការសុំការគាំទ្រលើបញ្ហាការចាប់ជំរិតជនជាតិជប៉ុន ដោយប្រទេសកូរ៉េខាងជើង។
សម្ដេចបានមានប្រសាសន៍បន្ថែមថា ការចាកចេញរបស់ឯកឧត្តម អាបេ គឺជាការបាត់បង់មិត្តភក្កិម្នាក់ ដែលធ្លាប់ជួយកម្ពុជា ក្នុងគ្រាលំបាក ៕