ប្រធានរដ្ឋសភាកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ បានចូលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តម ង្វៀន ភូជុង ( Nguyen Phu Trong)​ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម នៅទីស្នាក់ការគណៈកម្មាធិការកណ្តាលបក្ស នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ។

សម្តេចប្រធានរដ្ឋសភា​ បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តមអគ្គលេខាធិការបក្ស ដែលឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបានជួបសម្តែងការគួរសម និងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ។ សម្តេចបានអបអរសាទរចំពោះខួបលើកទី៧៧ ទិវាបុណ្យឯករាជ្យជាតិវៀតណាម និងបានប្រសិទ្ធពរជ័យជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម សូមទទួលបាននូវសេចក្តីសុខ សុភមង្គល វិបុលភាព និងវឌ្ឍនភាព ជានិច្ចនិរន្ត និងបានសម្តែងនូវការអបអរសាទរខួបលើកទី៥៥ឆ្នំា នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។

ក្នុងឱកាសនោះដែរ​ សម្តេចប្រធាន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានមោទកភាពរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ រឹងមំា និងយូរអង្វែង ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងដើម្បីសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ និងសកលលោក។

ឯកឧត្តម ង្វៀន ភូជុង បានអបអរសារទចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពបើកដំណើរការសង្គមនិងសេដ្ឋកិច្ចឡើងវិញ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិទៅមុខឥតឈប់ឈរ។ ឯកឧត្តម បានអបអរសាទរដែលកម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីពេលថ្មីៗនេះ បានយ៉ាងជោគជ័យ ដែលបានឆ្លុះបញ្ចំាងពីការទុកចិត្ត​ និងជឿជាក់របស់ប្រជាជនកម្ពុជាមកលើគណបក្សប្រជាជនកម្ពុជា ហើយបានសង្កត់ធ្ងន់ថា ជោគជ័យនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គណបក្សប្រជាជនឈានទៅដណើ្តមជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិនាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ង្វៀន ភូជុង បានគំាទ្រនូវលទ្ធផលដ៏ជោគជ័យ នៃជំនួបពិភាក្សាការងាររបស់​ សម្តេចប្រធានរដ្ឋសភា​ និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម កាលពីថ្ងៃទី១២ ខែកញ្ញា ថាជាលទ្ធផលដ៏ល្អមួយក្នុងការបន្តជំរុញ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ បក្ស​ និងប្រជាជននៃប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង៕