ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបានជាង ៤០ភាគរយ

ខេត្តសៀមរាបត្រឹមខែ សីហា ឆ្នាំ២០២២នេះ ការសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៤០.៦៧% ហើយរំពឹងថា ការសាងសង់ព្រលានយន្តហោះនេះ នឹងសម្រេចបាន៧០% នៅចុងឆ្នាំនេះ។គម្រោងនេះ អាចនឹងយឺតជាងផែនការរបស់ក្រុមហ៊ុនដែលបានរំពឹងទុក។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា  បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការសាងសង់ព្រលានយន្តហោះនេះអាចនឹងមានការយឺតយ៉ាវជាងផែនការដែលបានរំពឹងទុក ដោយសារតែគោលនយោបាយសូន្យកូវីដរបស់ចិនដែលបានផ្ដល់ផលអវិជ្ជមានដល់ច្រវាក់ផលិតកម្ម ការផ្គត់ផ្គង់សម្ភារៈបរិក្ខារសាងសង់ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ការឡើងថ្លៃនៃសម្ភារៈមួយចំនួន និងការធ្វើដំណើរចេញ-ចូល របស់វិស្វករជំនាញ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ៣ឆ្នាំ និងគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក។

អាកាសចរណ៍ស៊ីវិលកម្ពុជា កំពុងធ្វើការងារជាមួយភាគីពាក់ព័ន្ធចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងផ្ទាល់កាលពីថ្ងៃទី១១-១២ កញ្ញា ឆ្នាំ២០២២ ដោយបានណែនាំ និងជំរុញដល់ក្រុមហ៊ុនសាងសង់ ត្រូវខិតខំព្យាយាម និង ពន្លឿនការសាងសង់ ឱ្យបានរួចរាល់តាមផែនការ។ នេះបើតាមការរៀបរាប់របស់លោក ស៊ីន ចាន់សិរីវុត្ថា ។

តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣ ៕