កម្ពុជានឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ ACMECS លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ថ្ងៃទី១-៥ ខែវិច្ឆិកា

រាជធានីភ្នំពេញ៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានដឹកកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ ភ្ជាប់ជាមួយកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២នៅខេត្តសៀមរាប។

ក្រសួងទេសចរណ៍កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ (កម្ពុជាជាប្រធាន) ភ្ជាប់ជាមួយកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ (ឡាវជាប្រធាន)។

កិច្ចប្រជុំត្រៀមនេះបានពិនិត្យមើលលើការរៀបចំទទួលបដិសណ្ឋារកិច្ច សន្តិសុខ និងការរៀបចំទូទៅសម្រាប់ទទួលប្រតិភូអន្តរជាតិដែលជាឧត្តមមន្រ្តី និងរដ្ឋមន្រ្តីប្រទេសសមាជិក ACMECS និង CLMV ក្រោមបរិបទនៃគន្លងប្រក្រតីថ្មីនៃការរស់នៅជាមួយកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្រ្តី ថោង ខុន បានណែនាំឲ្យមន្រ្តីជំនាញរៀបចំឲ្យបានម៉ត់ចត់លើការទទួលបដិសណ្ឋារកិច្ច និងសន្តិសុខសុវត្ថិភាពសម្រាប់ប្រតិភូចាប់តាំងពីព្រលានយន្តហោះ រហូតដល់សណ្ឋាគារ និងការរៀបចំបដាស្វាគមន៍ក្នុងដងវិថីសំខាន់ក្នុងខេត្តសៀមរាប។

ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិក (ACMECS) លោករដ្ឋមន្រ្តីក៏បានពិនិត្យ និងផ្តល់អនុសាសន៍លើការរៀបចំខ្លឹមសារ និងលទ្ធផលរំពឹងទុកនៃកិច្ចប្រជុំដើម្បីធានាបាននូវការដាក់ចុះយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងរួមគ្នាស្ដារវិស័យទេសចរណ៍តំបន់ឡើងវិញ។

គួរបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការអេកម៉ិក (ACMECS) និង CLMV សម្រាប់វិស័យពាក់ព័ន្ធគឺមានតែវិស័យទេសចរណ៍ប៉ុណ្ណោះដែលមានភាពនាំមុខ រហូតដល់មានការរៀបចំកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិក (ACMECS) លើកទី៥ និងកិច្ចប្រជុំឧត្តមមន្រ្តី និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ ដែលផ្លាស់ប្តូរប្រធានអង្គប្រជុំ២ឆ្នាំម្តង ដែលរាល់កិច្ចប្រជុំនេះ រដ្ឋមន្រ្តីទេសចរណ៍បានរួមគ្នាពិភាក្សា និងអនុម័តលើផែនការសកម្មភាព និងដាក់ចុះនូវទិសដៅសម្រាប់ការតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ និងការអភិវឌ្ឍន៍ទេសចរណ៍៕