ស្ថានទូតខ្មែរ៖ ពលករខ្មែរនៅថៃ អាចបន្តស្នាក់នៅបណ្ដោះអាសន្ន រហូតដល់ថ្ងៃ ៣០ មិថុនា ២០២០

ពលករខ្មែរនៅថៃ អាចបន្តស្នាក់នៅថៃបណ្ដោះអាសន្នរហូតដល់ថ្ងៃ ៣០ មិថុនា ទោះជាប័ណ្ណស្នាក់នៅលើសកំណត់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។

ក្នុងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩រាជរដ្ឋាភិបាលថៃ បានដាក់ប្រទេសប្រទេសក្នុងភាពអាសន្ន ចាប់ពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ និងមិនអនុញ្ញាតឲ្យធ្វើដំណើរឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-ថៃ បានឡើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ។

បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតក៏បានបញ្ជាក់ដែរថា ចំពោះពលរដ្ឋខ្មែរ ដែលទិដ្ឋការស្នាក់នៅនិងបណ្ណអនុញ្ញាតការងារអស់សុពលភាព ក្រសួងការងារថៃនឹង៖

១៖ បន្តឲ្យស្នាក់នៅជាបណ្តោះអាសន្ន ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay) ។

២៖ក្នុងករណីពលករខ្មែរត្រូវការធ្វើការបន្ត ត្រូវឲ្យនយោជកបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួងឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងករណីមានបញ្ហា សូមទាក់ទងស្ថានទូតតាមរយៈហ្វេសប៊ុកឬទូរស័ព្ទលេខ 094 092 5905៕