វូហាន៖ គ្រូពេទ្យនៅវូហាន បានរកឃើញថា “ប្រហែលជា ៣ ទៅ១០ ភាគរយនៃអ្នកជំងឺ ដែលបានជាសះស្បើយពី Covid-19 បានធ្វើតេស្តវិជ្ជមានម្តងទៀត បន្ទាប់ពីត្រូវបានចេញពីមន្ទីរពេទ្យ”។
លោកវ៉ាងវ៉ៃ ប្រធានមន្ទីរពេទ្យតុងជី បានប្រាប់ស៊ីស៊ីធីវីរបស់ចិនថា ក្នុងចំណោមអ្នកជំងឺ ១៤៧ នាក់ ដែលយកមកជាគំរូតូចមួយមកសិក្សា បានរកឃើញមានតែ ៥នាក់ ឬជាង៣ ភាគរយប៉ុណ្ណោះ បានធ្វើតេស្តិ៍វិជ្ជមានម្តងទៀត បន្ទាប់ពីបានជាសះស្បើយ។
គាត់បាននិយាយថា មិនមានភ័ស្តុតាងច្បាស់លាស់ដើម្បីបញ្ជាក់ថាអ្នកជំងឺដែលបានរកឃើញហើយដែលបានធ្វើតេស្តវិជ្ជមានម្តងទៀត នឹងអាចឆ្លងទៅអ្នកដទៃទេ។ ហើយនេះជាគំរូតូចមួយប៉ុណ្ណោះ ដែលយកមកសិក្សា និងអាចឲ្យមានការសិក្សាទ្រង់ទ្រាយធំជាងនេះ។
លោកបានបន្ថែមថា តាមដានអ្នកជំងឺបានបង្ហាញថា ប្រហែលជា៨០ ទៅ ៩០ ភាគរយ មិនមានដាននៃមេរោគនេះនៅក្នុងឈាម ក្នុងរយៈពេលមួយខែបន្ទាប់ពីត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ។
ទោះជាយ៉ាងណាក៏ដោយគាត់បាននិយាយថា វាជាការចាំបាច់ សម្រាប់អ្នកជាពីជម្ងឺ ឱ្យនៅដាច់ដោយឡែក រយៈពេលពីរសប្តាហ៍បន្ទាប់ពីឲ្យចេញពីពេទ្យ និងត្រូវយកពួកគេមកធ្វើតេស្តម្តងទៀតដើម្បីបញ្ជាក់៕
ប្រភពពី SCMP