ឯកឧត្តម គីម រិទ្ធី អភិបាលថ្មី​នៃខេត្តព្រះវិហារ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ

ខេត្តព្រះវិហារ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធី ប្រកាសចូលកាន់មុខតំណែងអភិបាល នៃអភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។ 

សម្តេចក្រឡាហោម ស ខេង បានណែនាំដល់មន្រ្តីរាជការថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំបន្តរក្សាស្ថិរភាពនយោបាយ សន្តិសុខ សាធារណៈ ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមច្រករបៀង ទប់ស្កាត់ការលាងលុយកង្វក់ ការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ។ បន្តខិតខំការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមរយះខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លី ការដោះស្រាយបញ្ហាជំងឺកូវីដ ១៩ បន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ព្រមទាំងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។

បន្ថែមពីនោះសម្តេចក្រឡាហោម បានសំណូមពរដល់អាជ្ញាធគ្រប់លំដាប់ថ្នាក់បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ការខិតខំបន្តអនុវត្តកម្មវិធីកំណែទម្រង់វិជ្ឍការ វិសហមជ្ឍការ ដំណាក់កាលទី២(២០២១-២០៣០) ការផ្ទេរធនធាន និងសិទ្ធអំណាចដល់ថ្នាក់ក្រោមជាតិជាដើម។

ជាចុងក្រោយសម្តេចក្រឡាហោម បានសំណូមពរឲ្យមានសាមគ្គីភាពល្អក្នុងជួរគណៈអភិបាល និងក្រុមប្រឹក្សាខេត្តសំដៅប្រសិទ្ធភាពនៃការងារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការដោះស្រាយបញ្ហាក៏ដូចសំណូមពរនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

សូមបញ្ជាក់ថា ឯកឧត្តម គីម រិទ្ធី អគ្គនាយករងនៃអគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវបានព្រះតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ស្របពេលឯកឧត្តមប្រាក់ សុវណ្ណ ត្រូវចូលនិវត្តន៍ និងអភិបាលរងខេត្តចំនួន០២រូប ត្រូវតែងតាំងរួមមានលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី ជាអភិបាលរងថ្មី៕