រាជធានីភ្នំពេញ៖ រាល់សិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនទូរសព្ទ និង ក្រុមហ៊ុនអ៊ិនធឺណិតនៅក្នុងបុរីទាំងអស់ ត្រូវលុបចោលពីថ្ងៃទី៥ ខែសីហានេះ តទៅ។ នេះជាការលើកឡើងរបស់ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានការបញ្ជាដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ជា វ៉ាន់ដេត បានអះអាងថា ការធ្វើបែបនេះគឺដើម្បីឱ្យក្រុមហ៊ុនឬប្រតិបត្តិករក្នុងស្រុកទាំងអស់ មានសិទ្ធិប្រកួតប្រជែងដោយស្មើភាពគ្នា ហើយពលរដ្ឋមានជម្រើសច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធទូរសព្ទ និងសេវាអ៊ិនធឺណែត។
ប្រសាសន៍ឯកឧត្តម ជា វ៉ាន់ដេត៖ រាល់កន្លែងទាំងអស់ដែលមានសិទ្ធិផ្តាច់មុខ អ៊ិនធឺណិតនៅក្នុងបុរី លុបចោលទាំងអស់។ អត់មានឲ្យផ្តាច់មុខទៀតទេ។
កម្ពុជាមានប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍ចំនួន ៦៩។ ក្នុងនោះ មាន៥ ជាប្រតិបត្តិករទូរសព្ទចល័ត, មាន៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត(ISP) និង៥ទៀត ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ នេះបើតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕