រាជធានីភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាអាចរកចំណូលបានប្រមាណជា ២៧៩លានដុល្លារ ពីការនាំចេញអង្ករ ដែលមានបរិមាណ ៣២៧ ២០០តោន គឺមានការកើនឡើង ១៦.៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានបរិមាណ ២៨០ ៤៥០ តោន ។ នេះបើតាមរបាយការណ៍របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ ប្រទេសចិនមានបរិមាណសរុបចំនួន ១៦៨ ២៨០តោន កើនឡើង១៧,៤៤% , សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណសរុបចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០%។
អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទមានចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% និងអង្ករចំហុយគ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។
ដោយឡែក ការនាំចេញស្រូវ ក្នុងឆមាសទី១ឆ្នាំ២០២២ មានបរិមាណ ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេសវៀតណាម កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕