អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណឆាប់ៗនេះ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលព្រះពុទ្ធបដិមា នៅរួតបាកាណប្រាសាទអង្គរវត្ត ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅជាន់បាកាណ មានប្រសាសន៍ថា គម្រោងជួសជុលនេះ គ្រោងនឹងបញ្ចប់ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុលកំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។

លោក សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើន ដែលត្រូវជួសជុល និងអភិរក្សជាបន្ទាន់។ លោកពន្យល់ថា លើរូបបដិមាមានស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវជាដើម ដែលដក់លើរូប។ 

លោកបន្តថា ការសម្អាតចែកជាពីរ គឺសម្អាតស្ងួតដោយយកធូលីដែលកកក្តាំងលើផ្ទៃព្រះកាយបដិមាចេញសិន ដោយប្រើជក់ស្តើងទន់ៗបោសចេញឱ្យបានស្អាត។ បន្ទាប់មកត្រូវសម្អាតសើម មុនដំបូងត្រូវយកទឹកមកសម្អាតសិន ដោយយកសំឡីរុំនឹងឈើតូចៗ ហើយជ្រលក់នឹងទឹកដែលគ្មានជាតិរ៉ែ មកជូតកន្លែងដែលស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវ ហើយវានឹងដាច់កំណកនោះមក ប៉ុន្តែពណ៌ដើមនៅរក្សាដដែល។

បច្ចុប្បន្នការងារសម្រេចបានប្រមាណ៩០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលឡើងវិញនៅពាក់កណ្ដាលខែ មករា ឆ្នាំ២០២២។ ក្នុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានជួសជុលព្រះពុទ្ធបដិមា១អង្គ នៅទិសខាងត្បូង។ ហើយនៅឆ្នាំ២០២២នេះ ក៏បានជួសជុលព្រះពុទ្ធបដិមាចំនួន៣បន្ថែមទៀត នៅទិសខាងជើង ខាងលិច និងខាងកើត ព្រមទាំងព្រះពុទ្ធចូលនិព្វានចំនួន២អង្គ នៅទិសខាងកើត និងខាងជើង។ ក្នុងនោះក៏បានជួសជុលពង្រឹងចម្រឹងបង្អួច និងរចនាសម្ពន្ធមួយចំនួនទៀតនៅជុំវិញបដិមានោះផងដែរ។ 

គម្រោងជួសជុលនេះ ទទួលបានការឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ យី សុថា

ប្រភព៖ អាជ្ញាធរជាតិអប្សរា