តើ Chrome OS គឺជាអ្វី ហើយខុសគ្នាយ៉ាងម៉េចពី Chrome Browser

បច្ចេកវិទ្យា៖ Chrome OS ជាប្រព័ន្ធប្រតិបត្តិការថ្មីមួយ ដែលបង្កើតឡើងដោយក្រុមហ៊ុន Google ។ នេះផ្ដល់ជា ជម្រើសមួយផ្សេងទៀតសម្រាប់ លោកអ្នកក្នុងការសម្រេចចិត្ត ក្រៅពីប្រើ ប្រព័ន្ធប្រតិបត្តិការដូចជា Windows (របស់ក្រុមហ៊ុន Microsoft ) និង macOS (របស់ក្រុមហ៊ុន Apple) ។

Chrome OS ត្រូវបានក្រុមហ៊ុន Google ប្រកាសពីការធ្វើគម្រោងនេះនៅឆ្នាំ ២០០៩ និងបានដាក់ឲ្យដំណើរការជាមួយកុំព្យូទ័រយួរដៃ Chrome Book ជាលើកដំបូងក្នុងឆ្នាំ​២០១១ ។  ក្នុងខែ មិថុនា ឆ្នាំ២០២២ នេះ Chrome OS បានធ្វើបច្ចុប្បន្នភាពមកជំនាន់103 ( Version 103) ។

តើវាសាកសមសម្រាប់អ្នកដែរឬទេ? តើការបង្កើតឡើងដំបូងនេះ វាសាកសមសម្រាប់អ្នកប្រើប្រាស់ប្រភេទណា? អ្នកនឹងរកឃើញចម្លើយចំពោះសំណួរទាំងអស់នេះ និងច្រើនទៀតនៅក្នុងអត្ថបទនេះ។

Chrome OS គឺជាប្រព័ន្ធប្រតិបត្តិការដែលត្រូវបានបង្កើត និងគ្រប់គ្រងដោយក្រុមហ៊ុន Google ។ វាផ្អែកលើប្រព័ន្ធ Linux និងកូដនៃប្រព័ន្ធនេះ ជាលក្ខណៈបើកចំហ ( Open Source) ដែលមានន័យថា វាអាចឲ្យអ្នកចេះសរសេរកម្មវិធីកូដ កែតម្រូវវាបាន ដោយឥតគិតថ្លៃ។

អត្ថប្រយោជន៍ដ៏ធំនៃ Chrome OS គឺថាវាសាមញ្ញណាស់ក្នុងការប្រើប្រាស់ មិនដូចនៅលើឧបករណ៍ Windows និង macOS ទេ ។ ជាពិសេសតម្រូវការសម្រាប់អ្នកដែលចូលចិត្តធ្វើអ្វីមួយលើអ៊ិនធើណិត មើលវីដេអូ ឬលេងបណ្ដាញសង្គមជាដើម ដែលវាមិនទាន់សាកសម សម្រាប់អ្នកធ្វើការលើវីដេអូ ឬការរចនារូបភាពនោះទេ ឬការដំឡើង កម្មវិធីប្រភេទ ជា Adobe Premier នោះទេ។

ដូចទូរស័ព្ទ អែនដ្រយ (Android)  ឧបករណ៍ Chrome OS ភាគច្រើនដែលចេញក្នុងឆ្នាំ 2017 មានសិទ្ធិចូលប្រើ Google Play Store ។ នេះមានន័យថា កម្មវិធីភាគច្រើនដែលអ្នកអាចទាញយក និងដំណើរការនៅលើទូរសព្ទ Android ក៏មាននៅលើ Chrome OS ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ សូមចងចាំថា មិនមែនកម្មវិធីទាំងអស់ដំណើរការនិងស៊ីគ្នាលើ Chrome OS នោះទេ។ ដោយកម្មវិធីទាំងនោះ គេរចនាឡើងសម្រាប់តែខ្នាតនៃ​អេក្រង់​ទូរសព្ទ។ 

នៅក្នុងខែកុម្ភៈ ឆ្នាំ 2022 ក្រុមហ៊ុន Google បានប្រកាសកំណែអភិវឌ្ឍន៍នៃ Chrome OS Flex ដែលជាការចែកចាយ Chrome OS ដែលអាចដំឡើងនៅលើផ្នែករឹងកុំព្យូទ័រធម្មតា ដើម្បីជំនួសប្រព័ន្ធប្រតិបត្តិការផ្សេងទៀតដូចជា Windows និង macOS ៕

តើអ្វីជាភាពខុសគ្នារវាង Chrome OS និង Chrome Browser ?

កម្មវិធីរុករកតាមអ៊ីនធឺណិត (Chrome Browser) ក៏បង្កើតឡើងដោយក្រុមហ៊ុន Google ផងដែរ តែត្រូវបានគេស្គាល់និងប្រើប្រាស់ជាទូទៅ សម្រាប់រុករកឯកសារ ទិន្នន័យនិងព័ត៌មានផ្សេងៗ តាមបណ្ដាញអ៊ីនធឺណិត។ កម្មវិធី Chrome នេះអាចអនុញ្ញាតឱ្យអ្នកចូលប្រើគេហទំព័រ និងដំណើរការដូចគ្នានៅលើគ្រប់ប្រព័ន្ធទាំងអស់ មិនថាតែនៅលើ Windows, macOS និង Android ឬ iOS នោះទេ ។ 

Chrome គឺប្រដូចទៅនឹងកម្មវិធីរុករកដទៃទៀតដូចជា Safari, Firefox, Opera, Microsoft Edge ដែលជាដៃគួប្រកួតប្រជែង។ តួលេខនៃការប្រើប្រាស់ Chrome Brower គឺមានចំណែកទីផ្សារប្រហែល 65% នៃការប្រើប្រាស់ទូទាំងពិភពលោក ។

Chrome OS ដោយសារតែភាពសាមញ្ញរបស់វា ល្បឿន និងប្រសិទ្ធិភាពថ្ម ហើយដោយការបង្កើតថ្មី ទើបអ្នកខ្លះសំដៅលើ Chrome OS ថាគ្មានអ្វីក្រៅពីកម្មវិធីរុករកតាមអ៊ីនធឺណិតទេ ហើយទិន្នន័យទាំងអស់ត្រូវពឹងលើ​ Cloud Base មានន័យថា រូបភាព ឯកសារ ដដៃទៀត ត្រូវបានរក្សាទុក និងងាយស្រួលស្វែងរក ឬយកតាមខ្លួនមិនថាអ្នកទៅដល់ទីណានោះទេ។ 

ក៏ដោយសារតែកម្មវិធីមួយចំនួនធំ មិនទាន់អាចដំឡើងបាននៅលើ Chrome OS ។ តែការអភិវឌ្ឍន៍ទៅមុខ Chrome OS គឺជាដៃគូប្រកួតប្រជែងជាមួយ macOS របស់​ Apple ហើយក៏អាចនឹងទទួលបានចំណែកទីផ្សារកាន់តែធំឡើងផងដែរ៕