ម៉ាកសមូហភាពអង្ករសែនក្រអូប SKO និងអង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល DMSK ត្រូវបានដាក់សម្ពោធជាផ្លូវការ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធម៉ាកសមូហភាពអង្ករសែនក្រអូប “SKO”, អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល “DMSK” ដែលបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា, រាជធានីភ្នំពេញ។ 

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Mohammad Shahroz Jail ប្រធានក្រុមគម្រោង CAVAC លោក Anthony Samson លេខាទី ២ នៃតំណាងស្ថានទូត អូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំអអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ម៉ាកសមូហភាពទាំងពីរនេះ បានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ពូជស្រូវសែនក្រអូបបានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវ ដែលអនុញ្ញាតឱ្យកសិករយើងដាំដុះបានរហូតដល់០៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។ 

ផ្អែកតាមទិន្នន័យដែលទទួលបាន សម្រាប់ ០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ៕