ជំនាញសំខាន់៦ សម្រាប់ចូលរួមក្នុងការងារ Teamwork គ្រប់ប្រភេទ


តាមរយៈការសិក្សារបស់ក្រុមហ៊ុនសេវាហិរញ្ញវត្ថុធំមួយក្នុងឆ្នាំ២០១៨បានបង្ហាញថា ការដាក់បុគ្គលិកជាក្រុមសម្រាប់ការងាររួម លទ្ធផលគឺបានបង្កើននូវគុណភាពការងារបាន៧៣% បង្កើនគំនិតច្នៃប្រឌិត៦០% ការពេញចិត្តចំពោះការងារ ៥៦%និងបង្កើនល្បឿនបង្ហើយការងាររួចរាល់បាន១៥%។ ហេតុដូចនេះ Teamworkជាគុណសម្បត្តិវិសេសមួយដែលគេនិយមប្រើ។ ទន្ទឹមនឹងនេះ ដោយវាជាសមត្ថភាពដែលយើងគួរមានក្នុងការចូលរួមជាមួយក្រុមការងារផ្សេងៗដើម្បីសម្រេចកិច្ចការប្រកបដោយប្រសិទ្ធិភាពនោះ។ សម្រាប់អត្ថបទនេះ លោកអ្នកនឹងអាចស្វែងយល់ជំនាញខ្លះៗ ដែលអ្នកគួរមានត្រៀមសម្រាប់ការចូលរួមឬមួយអ្នកអាចស្វ័យរៀនសូត្របាននៅអំឡុងចូលរួមការងារ Teamwork នោះ ដែលមាន៖

. ការគ្រប់គ្រងពេលវេលា

ជាការពិត ការប្រើប្រាស់ Teamwork គឺតម្រូវឱ្យមានផែនការច្បាស់លាស់ ហើយសមាជិកគ្រប់រូបត្រូវដឹង និងអនុវត្ត។ ការចូលរួមជាក្រុមប្រៀបដូចជាការចងជាខ្សែចង្វាក់មួយ ដូចនេះ បើមានផ្នែកណាមួយខូចខាតនោះវានឹងមានឥទ្ធិពលខ្លាំងលើគម្រោងទាំងមូលផងដែរ។ ដូចនេះដើម្បីបង្ការការកកស្ទះការងារ ការរៀនសូត្រពីការគ្រប់គ្រងពេលវេលា ការបំពេញការងារបានទាន់ពេលវេលាជាអ្វីដែលអ្នកគួរត្រៀម និងអនុវត្តទម្លាប់នេះខ្ជាប់ខ្លួន។

. ការគ្រប់គ្រងអារម្មណ៍

ចំណុចនេះចង់សម្តៅទៅលើស្មារតីដឹងខ្លួនជានិច្ចអំពីការងារដែលខ្លួនមាននិងត្រូវធ្វើ និងជាសមត្ថភាពដែលអាចបែងចែកអារម្មណ៍បានល្អ។ ដោយហេតុថា អារម្មណ៍សមាជិកម្នាក់ពេលខ្លះវានឹងអាចមានឥទ្ធិពលផ្ទាល់ឬប្រយោលទៅដល់សមាជិកដទៃទៀតក្នុងក្រុម មិនថាអារម្មណ៍ខឹង ភាពនឿយហត់ ឬតប់ប្រម៉ល់ជាដើម។ដូចនេះ នៅមុនពេលចូលរួមក្រុមការងារ អ្នកអាចរៀនគ្រប់គ្រងស្ថានភាពនេះក៏ដូចជាអំឡុងពេលរួមការងារជា Teamwork សមាជិកក្រុមអាចជួយសមាជិកណាម្នាក់ជម្នះស្ថានភាពនេះបាន។

. សមត្ថភាពស្តាប់

សមត្ថភាពស្តាប់ គឺសម្តៅលើការស្តាប់ដោយយកចិត្តទុកដាក់ហើយទទួលបាននូវព័ត៌មាន ទិន្នន័យ ចំណេះដឹងផ្សេងៗ…។ ដោយសារសមត្ថភាពស្តាប់ បាននាំមកនូវទំនុកចិត្ត និងជាផ្នែកសំខាន់នៃទំនាក់ទំនង ដូចនេះអ្នកចូលរួមក្នុង Teamwork គួរអនុវត្តរៀនពីទម្លាប់នេះជាជំនាញដែលមិនគួរមើលរំលងបាន។

. សមត្ថភាពពន្យល់ប្រកបដោយហេតុផល

ការស្វែងយល់បាននូវឫសគល់បញ្ហាជាភាពជោគជ័យបានពាក់កណ្តាល។ប៉ុន្តែចំណែកពាក់កណ្តាលទៀត នឹងជារឿងជោគជ័យ ប្រសិនបើសមាជិកណាមួយនោះ អាចបង្ហាញពន្យល់ដំណើរការទៅដល់សមាជិកក្រុមគ្រប់គ្នាបានយ៉ាងច្បាស់ល្អនោះ។ ដោយសារតែ កិច្ចការ Teamwork ធំៗត្រូវផ្អែកសំខាន់លើជំនាញនីមួយៗ ដូចនេះករណីដែលអ្នកជំនាញក្នុងផ្នែកនីមួយៗអាចពន្យល់ដំណើរការផ្នែករបស់ខ្លួនទៅដល់សមាជិកក្នុងក្រុមបានយល់ដឹង នោះវាជាសមត្ថភាពដ៏ពិសេសហើយប្រសិទ្ធិភាពការងារនឹងទទួលលទ្ធផលយ៉ាងគាប់ប្រសើរ។

. រៀនទទួលយកការរិះគន់ដើម្បីស្ថាបនា

រិះគន់ក្នុងន័យស្ថាបនា គឹជាចំណុចវិជ្ជមាននិងជាអ្វីដែលនឹងមាននៅក្នុងបរិយាកាស Teamwork។ការរិះគន់ក្នុងន័យស្ថាបនាត្រូវពេល ឱ្យជាមតិយោបល់ដែលជាគន្លឹះសំខាន់ៗ  នឹងធ្វើឱ្យកិច្ចការក្រុមកាន់តែមានកំហុសតិចតួចឡើង។លើសពីនេះ ការរិះគន់ដើម្បីស្ថាបនាក្នុងរង្វង់ការងារក្រុមនេះ សមាជិកក្រុមគ្រប់គ្នាក៏អាចរៀនសូត្របានពីកំហុសឬបញ្ហារបស់ខ្លួន និងកែប្រែអភិវឌ្ឍទៅរកភាពប្រសើរឡើង។ ហើយក្នុងចំណុចនេះដែរ គឺបានសម្តៅបង្រៀនយើងឱ្យចេះទទួលយកនិងការចេះប្រើប្រាស់ការរិះគន់ក្នុងទិសដៅអនុវត្តឱ្យបានប្រសើរឡើងនូវប្រសិទ្ធិភាពការងាររួម។

. ការចេះសម្របតាមគំនិតត្រឹមត្រូវមានហេតុផល

ជាទូទៅ ការចេះសម្របគឺជាមូលដ្ឋានមួយដែលអនុញ្ញាតឱ្យមនុស្សអាចធ្វើការរួមគ្នាបាន។សមត្ថភាពសម្របតាមគំនិតក្នុងចំណុចនេះ សម្តៅទៅដល់ការចេះស្របទៅតាមគំនិតណាមួយ ប៉ុន្តែត្រូវបានសំយោគចេញថ្លឹងថ្លែងថា វាត្រឹមត្រូវច្បាស់លាស់ សមហេតុផល។ ដូចនេះការសម្របទៅតាមគំនិតនេះគឺនៅក្នុងន័យវិជ្ជមាន ដែលធ្វើឱ្យក្រុមការងារមួយធ្វើការដោយរលូននិងកាន់តែមានប្រសិទ្ធិភាព៕

ប្រភព៖ Unsplash