រដ្ឋាភិបាលជប៉ុន បន្តជួយដល់គម្រោងបោសសម្អាតមីនដំណាក់កាលទី២ ក្នុងទឹកប្រាក់ជាង១២លានដុល្លារ

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការCMACភ្នំពេញ លោក ហេង​​ រតនា និងលោកស្រី Ritsuko Yonemichi ប្រធានជាន់ខ្ពស់គម្រោងកិច្ចប្រតិបត្តិការ នៃក្រុមហ៊ុន Crown Agents Japan Limited បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន CA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស្តីពីការអនុវត្គំរោងតបោសសម្អាតមីន នៃគម្រោងសមាហរណកម្មបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ក្រោមហិរញ្ញប្បទានឥតសំណង របស់ប្រជាជននិងរដ្ឋាភិបាលជប៉ុន ។

គម្រោងដែលចុះហត្ថលេខានេះ មានទំហំទឹកប្រាក់ចំនួន ១២.២៦៣.៤៦៥ ដុល្លារអាមេរិក​ សម្រាប់រយៈពេលចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។​  សូមបញ្ជាក់ថា​ គំរោងនេះជាផ្នែកនៃកញ្ចប់គំរោងជំនួយ២០០០លានយ៉េន​ ដែលរដ្ឋាភិបាលជប៉ុនបានសំរេចផ្តល់ជូនរាជរដ្ឋាភិបាលដេីម្បីគាំទ្រដល់សកម្មភាពរបស់អង្គភាពសុីម៉ាក់។

តាមផែនការ គម្រោងនេះនឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីចម្ការមីនចំនួនជាង៨០០០ហិកតា ក្នុងខេត្តបាត់ដំបង។ គម្រោងនេះមានប្រជាពលរដ្ឋទទួលផលចំនួនប្រមាណ​ ៦៦.៤០០គ្រួសារ៕