ការ​ដឹក​ជញ្ជូន​ទំនិញ​​លើ​ផ្លូវ​ដែក​ ឡាវ-ចិន មានការកើនឡើងយ៉ាងកំហុក

ក្រុងវៀងចន្ទន៍៖ ផ្លូវដែកឡាវ-ចិន បានដឹកជញ្ជូនទំនិញជាង ៤៤០,០០០ តោន គិតត្រឹមថ្ងៃទី ២៥ ខែមេសា បន្ទាប់ពីការបើកស្ថានីយដឹកជញ្ជូនចំនួន៧ទីតាំង រវាងទីក្រុងវៀងច័ន្ទ និងខេត្តហ្លួងណាំថា។ ទំនិញ​ដែល​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ភាគ​ច្រើន​គឺ​រ៉ែ​ដែក កៅស៊ូ និង​ទំនិញ​ផ្សេង​ទៀត។ នេះបើតាមការចុះផ្សាយរបស់ វៀងចន្ទន៍ថាម។

នាយករងវិស្វករនៃក្រុមហ៊ុនផ្លូវដែកឡាវ-ចិន លោក វង្សថុង ( Vongthong Souphanthong ) បាននិយាយថា ចរាចរណ៍ដឹកទំនិញ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ 

ពីដំបូង ស្ថានីយ៍ដឹកទំនិញបានដំណើរការតែនៅក្នុងទីក្រុងវៀងច័ន្ទ ខេត្តហ្លួងណាំថា ខេត្តហ្លួងប្រាបាង និងនៅវ៉ាងវៀង ក្នុងខេត្តវៀងចន្ទន៍ប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ ស្ថានីយ៍ជាច្រើនទៀត បានបើកនៅក្នុងខេត្តឧត្តមសាយ និងនៅស្រុកកាស៊ី ខេត្តវៀងចន្ទន៍ បន្ទាប់មកការបើកស្ថានីយផុនហុង កាលពីសប្តាហ៍មុន។ .

ស្ថានីយ៍ ផុនហុង ក្នុងខេត្តវៀងចន្ទន៍ គ្រោងនឹងក្លាយទៅជាមជ្ឈមណ្ឌលដឹកទំនិញដ៏សំខាន់មួយនៅលើផ្លូវរថភ្លើង បន្ថែមពីលើស្ថានីយទីក្រុងវៀងចន្ទន៍ខាងត្បូង និងវ៉ាងវៀង ដោយគ្រឿងបរិក្ខារទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ការនាំចេញទំនិញពីភាគកណ្តាលនៃប្រទេសឡាវ៕