រាជធានីភំ្នពេញ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងប្រមូលធាតុចូលលើខ្លឹមសារ នៃសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសរុបចំនួន ១៣ ស្ថាប័ន។
ក្នុងអំឡុងជំនួបរវាងក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ភាគីទាំងពីរបានគាំទ្រឱ្យមានការបង្កើតលិខិតតុបករណ៍ ដើម្បីប្រើប្រាស់ជាក្របខណ្ឌរៀបចំគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ សំដៅពង្រឹងភាពជាដៃគូ និងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យកាន់តែល្អប្រសើរ។ បន្ថែមពីនេះ ការផ្តួចផ្តើមនេះគឺស្របតាមស្មារតីនៃជំនួបសម្តែងការគួរសម រវាងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសទាំងពីរ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋលេខាធិការ ក៏បានបង្ហាញពីសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងខាងលើនឹងផ្តល់នូវមូលដ្ឋានគតិយុត្តជាសារវ័ន្ត សម្រាប់កាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីតនាពេលអនាគត តាមរយៈការបំពេញឱ្យគ្នាទៅវិញទៅមកនូវសក្តានុពលសេដ្ឋកិច្ច ការធ្វើពិពិធកម្មពាណិជ្ជកម្មនិងទីផ្សារការនាំចេញក្នុងតំបន់មជ្ឈឹមបូព៌ា និងការជំរុញវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ សំដៅចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
សូមបញ្ជាក់ថា៖ សេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត បានបញ្ចូលកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, ធនាគារ, កសិកម្ម, ឧស្សាហកម្ម, រ៉ែ និងថាមពល, ទូរគមនាគមន៍, អប់រំ, ទេសចរណ៍ និងហាឡាល។-ល-៕