ជប៉ុន នឹងបញ្ចេញប្រេងដែលបម្រុងទុកចំនួន ១៥លានបារ៉ែល ជួយទប់ការឡើងថ្លៃប្រេងលើទីផ្សារ

ក្រុងតូក្យូ៖ រដ្ឋាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងបញ្ចេញស្តុកប្រេងបម្រុងចំនួន ១៥ លានបារ៉ែលបន្ថែមទៀត នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)  ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារ ចំពេលនៃការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន។

នេះជាចូលរួមក្នុងចំណែកដ៏ធំនៃប្រទេសជប៉ុន ទាំងប្រេងបំរុងផ្នែករដ្ឋនិងឯកជន ។ ស្ថាប័ន IEA ដែលមានសមាជិកចំនួន 31ប្រទេស កំពុងឆ្ពោះទៅមុខជាមួយនឹងការបញ្ចេញស្តុកប្រេង សរុបចំនួន 120 លានបារ៉ែល ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថា វិភាគទានរបស់ជប៉ុន គឺធំជាងគេទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលបានបញ្ចេញប្រេង 60លានបារ៉ែល។ លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា "ប្រទេសជប៉ុន នឹងធ្វើអ្វីដែលអាចធ្វើបាន មុនកាលកំណត់" ។

ជប៉ុន​បាន​សន្យា​មុន​នេះ ​ក្នុង​ការ​បញ្ចេញ​ប្រេង​ចំនួន ៧,៥ លាន​បារ៉ែល ដែល​ស្មើ​នឹង​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ប្រហែល​បួន​ថ្ងៃ។

គិតត្រឹមចុងខែមករា ប្រទេសជប៉ុនបានរក្សាស្តុកប្រេងដែលមានសមត្ថភាពគ្របដណ្តប់ 146 ថ្ងៃនៅក្នុងទុនបំរុងរបស់រដ្ឋ និង 87 ថ្ងៃនៅក្នុងទុនបម្រុងឯកជន។ វាក៏មានទុនបម្រុងសម្រាប់រយៈពេលបីថ្ងៃទៀត ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផលិតប្រេង។

ស្ថាប័ន IEA បានយល់ព្រមនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវិសាមញ្ញមួយកាលពីដើមខែនេះថា ការបញ្ចេញប្រេងពីស្តុកបន្ថែម គឺចាំបាច់ ដើម្បីធ្វើឱ្យមានស្ថិរភាពទីផ្សារផ្នែកថាមពលរបស់ពិភពលោក៕