រាជធានីភ្នំពេញ៖ ក្នុង៣ខែដំបូងនៃ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាម មានចំនួន ១ ៣៩០ ១៨១ តោន ក្នុងទំហំទឹកប្រាក់ ប្រមាណ ៣១៣លាន ដុល្លារអាមេរិក ដែលការនាំចេញនេះកើនឡើងចំនួន ១៣.៦០% ។ នេះបើយោងតាមរបាយការណ៍ពី សហព័ន្ធស្រូវអង្ករកម្ពុជា។
ដោយឡែក ការនាំចេញអង្ករ ក្នុងត្រីមាសទី១ (ខែមករា ដល់ខែមីនា ឆ្នាំ២០២២) កម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧លាន ដុល្លារអាមេរិក។ សរុបការនាំចេញនេះ ( អង្ករ និងស្រូវ) មានទឹកប្រាក់សរុបចំនួន ៤១៣លាន ដុល្លារអាមេរិក។
ការនាំចេញអង្ករ ប្រទេសចិននៅតែជាទីផ្សារនាំមុខ ក្នុងការទិញអង្ករពីកម្ពុជា ដោយមានប្រមាណ ៥២% បាននាំចេញទៅប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន៥២% ឬស្មើនឹង ៨៨ ៦៤៦តោន ទទួលបានទឹកប្រាក់ចំនួន ៤៥.១៩ លានដុល្លាអាមេរិក។
បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១% ឬស្មើនឹង ៥២ ២២២ តោន ក្នុងទំហំទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លាអាមេរិក។ ប្រទេសដែលជារដ្ឋសមាជិកអាស៊ានចំនួន ១០% ឬស្មើនឹង ១៧ ៣១០តោន ដែលមានទឹកប្រាក់ចំនួន ១០.៦៤លានដុល្លារអាមេរិក។
បណ្តាគោលដៅផ្សេងៗ ចំនួន ៧% ឬស្មើនឹង ១២ ៣៦១ តោន ក្នុងទឹកប្រាក់ចំនួន៨.៦៧ លានដុល្លាអាមេរិច ដែលក្នុងនោះទៅបណ្តាប្រទេសនៅក្នុងទ្វីបអាហ្រ្វិច ៣% ឬស្មើនឹង ៤ ៧៩៧ តោន តំបន់អូសេអានី រួមមានអូស្ត្រាលី និងញូហ្សេឡែន ២ ៤៦៥ តោន និងតំបន់ប្រទេសនៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមានតួគី រុស្សី និងអ៊ុយក្រែន ១ ២៥៥ តោន។ល។