តម្លៃក្រុមហ៊ុន NetFlix បានហក់ឡើងថ្លៃខ្ពស់ជាង ក្រុមហ៊ុន Disney កាលពីចុងខែឧសភា ដោយសារភាគហ៊ុនបានឡើងជាង ២ភាគរយ ធ្វើឲ្យក្រុមហ៊ុន NetFlix មានតម្លៃទីផ្សារដល់ទៅ 152,6 ពាន់លានដុល្លារ ។
ប្រសិនបើអ្នកវិនិយោគលើក្រុមហ៊ុន Netflixក្នុងឆ្នាំ 2007 ពេលក្រុមហ៊ុនចាប់ផ្តើមផ្ដល់សេវាកម្ម ផ្សាយវីដេអូតាមអ៊ីនធើណិតនោះការវិនិយោគនោះពិតជាទទួលបានលទ្ធផលល្អគាប់ចិត្ត។ ប្រសិនបើអ្នកបានវិនិយោគចំនួន ១ពាន់ដុល្លារកាលពីឆ្នាំ២០០៧ នោះគិតមកដល់ត្រឹមថ្ងៃទី២៥ ខែឧសភានេះ ត្រឹមតែ១១ឆ្នាំ ទឹកប្រាក់វិនិយោគនោះនឹងមានតម្លៃជាង108.000 ដុល្លារ (មួយសែនប្រាំបីពាន់ដុល្លារ) ដែលច្រើនជាង 100 ដងនៃប្រាក់វិនិយោគ (ដោយរួមបញ្ចូលទាំងការឡើងថ្លៃហ៊ុន និងការបន្តវិនិយោគលើភាគលាភ)។
មានអ្នកវិភាគខ្លះបាននិយាយថា ក្រុមហ៊ុន NetFlixនឹងមានបញ្ហា បើមានក្រុមហ៊ុនយក្សណាមួយដើរក្នុងវិស័យនេះ ។ យ៉ាងណាក៏ដោយអ្នកវិនិយោគ នៅបន្តជឿជាក់ថា ក្រុមហ៊ុន Netflix នឹងផ្ដល់ប្រាក់ចំណេញខ្ពស់ហើយបើតាមលទ្ធផលនៅឆមាសទី១ បង្ហាញពីសន្ទុះ លើទំហំអ្នកចុះឈ្មោះកើនឡើងលើសការរំពឹងទុក។
កាលពីឆ្នាំមុនក្រុមហ៊ុន Netflixបានប្រកាសថា ក្រុមហ៊ុននឹងចំណាយថវិកាចំនួន 7 ទៅ 8 ពាន់លានដុល្លារ នៅលើការផលិតអត្ថបទក្នុងឆ្នាំ២០១៨នេះ ហើយក្រុមហ៊ុននេះ បានចុះហត្ថលេខា ផ្ដាច់មុខលើការសម្ដែង ShondaRhimes ហើយក៏បានបញ្ចប់ការទិញយកក្រុមហ៊ុន Millarworld ផងដែរ៕