ក្រុងបាងកក៖ ក្រសួងសុខាភិបាលថៃ គ្រោងនឹងស្នើសុំលុបចោលតម្រូវការនៃការធ្វើតេស្ត RT-PCR សម្រាប់ភ្ញៀវបរទេស និងកាត់បន្ថយថ្លៃធានារ៉ាប់រង មកត្រឹមតែ ១០,០០០ដុល្លា (៣៣៣,៦៧០បាត) ។
លោកវេជ្ជបណ្ឌិត Wongrajit លេខាធិការអចិន្ត្រៃយ៍ផ្នែកសុខភាពសាធារណៈ បាននិយាយថា៖ យើងនឹងស្នើលក្ខខណ្ឌធ្វើឱ្យប្រសើរឡើងនៃគម្រោង Test & Go ។ អ្នកដំណើរពីបរទេស ត្រូវធ្វើតេស្ដ RT-PCR តែម្តងគត់នៅពេលមកដល់ ដោយមិនតម្រូវឱ្យធ្វើតេស្តជាមុនមុនពេលចេញដំណើរនោះទេ។ បន្ថែមពីនេះ អ្នកដំណើរនឹងត្រូវធ្វើតេស្តអង់ទីហ្សែន នៅថ្ងៃទី៥ នៃការស្នាក់នៅក្នុងប្រទេសថៃ។
លោក បន្ថែមថា៖ បច្ចុប្បន្ន ការចំណាយជាមធ្យមក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ បានធ្លាក់ចុះពី ១ លានបាតក្នុងម្នាក់ទៅប្រហែល ២០,០០០ បាតក្នុងម្នាក់ ដូច្នេះថ្លៃធានារ៉ាប់រងគួរតែត្រូវបានកាត់បន្ថយទៅតាមនោះដែរ។
សំណើទាំងពីរនេះមានគោលបំណងធ្វើឱ្យងាយស្រួលដល់ភ្ញៀវទេសចរបរទេស នឹងជួយបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចឡើងវិញ។ សំណើនេះក៏ស្របតាមផែនការរបស់ក្រសួងក្នុងការចាត់ថ្នាក់ជំងឺកូវីដ-១៩ ជាជំងឺឆ្លងតាមតំបន់ជំនួសឲ្យជំងឺរាតត្បាត៕