រដ្ឋាភិបាលអាមេរិក ផ្ដល់ជំនួយជាង៦លានដុល្លារ ដល់​CMAC ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមក្នុង៧ខេត្ត

រាជធានីភ្នំពេញ៖  ក្រសួងការបរទេសនៃរដ្ឋាភិបាលអាមេរិក បានសំរេចផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៦,៣៥៥,៧២០ដុល្លារ  មានរយ:ពេល៤៥ខែ​ (០១​ មិនា​២០២២​ដល់ថ្ងៃទី៣០​ វិច្ឆិកា​ ​២០២៥​)​ ដោយផ្តល់តាមរយ:អង្គការ NPA សំរាប់គាំទ្រសកម្មភាពរបស់អង្គភាព​សុីម៉ាក់ បោសសំអាតតំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម​ នៅខេត្តស្វាយរៀង​ ព្រៃវែង​ កំពង់ចាម​ ត្បូងឃ្មុំ​ ក្រចេះ​ រតន:គីរី​ និងខេត្តមណ្ឌលគីរី។ 

លោក ហេង រតនា និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាង អង្គការ NPA និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ​លេីជំនួយហិរញ្ញប្បទានឥតសំណងនេះ តាមរយ:អង្គការ NPA ដើម្បីគាំទ្រអង្គភាពសុីម៉ាក់បោសសំអាតតំបន់រងផលប៉ះពាល់គ្រាប់បែកចង្កោម​ រយ:ពេល៤៥ខែ​ (១​ មិនា​ ២០២២-វិច្ឆិកា​ ២០២៥) ។ 

ជំនួយនេះ​ ផ្តល់លទ្ធភាពឱ្យអង្គភាពសុីម៉ាក់ អាចពង្រាយកំលាំងប្រតិបត្តិការចំនួនជាង២០០នាក់​និងអាចរំដោះផ្ទៃដីតំបន់គ្រាប់បែកចង្កោមជាង១៣,២០០ហិចតា។

ជាមួយនេះដែរ​ ក្រសួងការបរទេស Norway ក៏បានសំរេចផ្តល់ថវិកាខ្នាតតូចចំនួន២គំរោង​ គឺគំរោងរំដោះខេត្តគ្មានគ្រាប់មីន​ដែលកំពុងប្រតិបត្តិការ​ និងគំរោងបោសសំអាតមីនតំបន់ព្រំដែនកម្ពុជា-ថៃ​ ដែលគំរោងទាំង២មានថវិកាចំនួន​ ៨៩,០៧៧ដុល្លាររយ:ពេល​ ៣ខែ៕