ផ្លូវប្របមាត់សមុទ្រខេត្តកែប ជាង១២គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ គ្រោងប្រើថវិកាជាង១០លានដុល្លារ

ខេត្តកែប៖ នាថ្ងៃទី ១ មីនា ២០២២ ផ្លូវប្របមាត់សមុទ្រនៅខេត្តកែប ប្រវែង ១២គីឡូម៉ែត្រ ៧៥០ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ ចាក់អ៊ុតកៅស៊ូ AC គ្រោងចំណាយថវិការសរុប ១០លាន ៥០០ពាន់ដុល្លាអាមេរិច សាងសង់រយៈពេល២២ខែ ដែលគ្រោងនិងបញ្ចប់នៅ ខែតុលា ឆ្នាំ២០២៣ ។

របាយការណ៍ របស់លោក ម៉ម​ ទូច ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត លើកឡើងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង ១២គីឡូម៉ែត្រ​ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ​ ផ្លូវនេះតភ្ជាប់ពីចំណុច កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ​ ខេត្តកែប។

 លោកប្រធានមន្ទីរ​ បញ្ជាក់ថា ដោយសារស្ថានភាពភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា៤ផ្នែក គឺ

  • ផ្នែកដំបូងចាប់ចំណុចផែកោះទន្សាយ K0+00 ដល់ K1+200ម ប្រវែង១២០០ម៉ែត ទទឹង៩ម៉ែត្រ គន្លងជិះកង់ទទឹង ២ម៉ែត្រផ្នែកខាងស្តាំ
  • ផ្នែកសំខាន់ចាប់ពី K1+200ម ដល់K9+500ម ប្រវែង៨៣០០ម៉ែត្រ ទទឹង១៥ម៉ែត្រ គន្លងជិះកង់ ២.៥ម៉ែត្រផ្នែកខាងស្តាំ
  • ផ្នែកទី៣ តភ្ជាប់ពីផ្លូវ លេខ១៣៣២ ពីK9+669ម ដល់ K11+620ម ប្រវែង ១០៩៩ម៉ែត្រ ទទឹង៩ម៉ែត្រ ចញ្ចើមផ្លូវ១.៥ម៉ែត្រសងខាង​។
  • ផ្នែកទី៤ ចាប់ពី K9+669ម ដល់ K10+00 ទទឹង ១៥ម៉ែត្រ ផ្នែកស្តាំ ២.៥ម៉ែត្រ​ សម្រាប់ជិះកង់ និងផ្នែកឆ្វេង ១.៥ម៉ែត្រសម្រាប់ថ្មើរជើង។ ដោយឡែកសម្រាប់សំណង់សិល្បៈការ្យរួមមាន ធ្វើលូប្រអប់១៣កន្លែប លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្មទប់ដីប្រវែប១២០០ម៉ែត្រ បំពាក់បង្គោលភ្លើងLED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ ។

លោក​ សោម ពិសិដ្ឋ អភិបាលខេត្ត បានកលើកឡើងថា រដ្ឋបាលខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង ២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង ។ ដោយឡែកសម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ ដែលខេត្តកែបទទួលបានមានបីគម្រោង គឺ៖ ទី១-គម្រោងសាងសង់ទីលានកប់សម្រាម ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ផ្លូវបេតុប្រវែង ៣.៥គឺឡូម៉ែត្រ , ទី២- គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង​១២គីឡូម៉ែត្រ, និងទី៣-គម្រោងសាងសង់ ផែទេសចរណ៍នៅកោះទន្សាយ ដែលគ្រោងនិងបច្ចប់នៅឆ្នាំ២០២៣ខាងមុខ។ 

លោក​ សោម ពិសិដ្ឋ ជឿជាក់ថា ផ្លូវACនេះ និងបានជាប្រយោជន៍ ឆ្លើយតប និងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាសសៃឈាមតភ្ជាប់ តំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៃឆ្នេរអង្កោល ទាក់ទាញបានភ្ញៀវទេសចរណ៍កាន់តែច្រេីនឡើង ជំរុញសេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ រកប្រាក់ចំណូល ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង​ រួមចំណែកកាត់បន្ថយភាពក្រីក្រ ឆ្លើយតបយុទ្ធសាស្ររបស់រាជរដ្ឋាភិបាល៕