រាជធានីភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអង្គភាព CMAC និង លោក YOSHIOKA Yoshito ប្រធានអង្គការបំរេីសកម្មភាពកំចាត់មីនជប៉ុន (Japan Mine Action Service =JMAS) ប្រចាំកម្ពុជា បានចុះហត្ថលេខាលេីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ គម្រោងសមាហរណកម្មការបោសសំអាតមីនគាំទ្រការអភិវឌ្ឍតំបន់ក្រោយបោសសំអាតមីនរួច ក្នុងខេត្តបន្ទាយមានជ័យ និងគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់បែកចង្កោមគាំទ្រការអភិវឌ្ឍសហគមន៍ ក្នុងខេត្តស្ទឹងត្រែង ។
គម្រោងនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងមានរយៈពេល១ឆ្នាំ ដែលត្រូវចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ថវិកាសំរាប់គាំទ្រលេីសកម្មភាពបោសសំអាតគ្រាប់មីន និងគ្រាប់បែកចង្កោមចំនួន ៧១៤.៨២៥ ដុល្លារសហរដ្ឋអាមេរិក ដោយឡែកថវិកាសំរាប់ការអភិវឌ្ឍតំបន់បោសសំអាតគ្រាប់មីនរួចចំនួនជាង ១លានដុល្លារអាមេរិកដែលត្រូវអនុវត្តផ្ទាល់ដោយអង្គការJMAS។
ជាមួយគម្រោងទាំង២នេះ អង្គភាពCMAC នឹងដាក់ពង្រាយកម្លាំងប្រតិបត្តិការជាង១០០នាក់ ដែលនឹងធ្វើប្រតិបត្តិបការលើស្រុកគោលដៅដូចជា ស្រុកម៉ាឡៃ អូជ្រៅ ស្វាយចេក នៃខេត្តបន្ទាយមានជ័យ និងស្រុកសេសាន ស្ទឹងត្រែង សៀមប៉ាង នៃខេត្តស្ទឹងត្រែង ដោយមានផែនការបោសសំអាតផ្ទៃដីប៉ះពាល់គ្រាប់បែកចង្កោមចំនួន១.២០០ហិចតានិងផ្ទៃដីចម្ការមីនចំនួនជាង៤០០ហិចតា។
សូមជម្រាបថា គម្រោងក្នុងឆ្នាំទី១ ទាំងពីរខេត្តនេះ អង្គភាពCMACសម្រេចលទ្ធផលបាន រំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួនជាង៧២០ហិចតា រុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន១.៦៥៩គ្រាប់។
សម្រាប់ផែនការបោសសម្អាតផ្ទៃដីក្នុងឆ្នាំទី២នៃគម្រោងនេះ អង្គភាពCMACមានផែនការបោសសំអាតផ្ទៃដីចម្ការមីននិងចម្ការគ្រាប់បែកចង្កោមចំនួនជិត១.៥០០ហិចតា។