ខេត្តព្រះវិហារ៖ “អង្ករព្រះវិហារ” ជាម៉ាកសមូហភាពមួយទៀត ដែលត្រូវបានទទួលស្គាល់និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា ដែលជារដ្ឋលេខាធិការ និងអាជ្ញាធរខេត្តព្រះវិហារ អង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យគ្មានព្រំដែន (AVSF) និងកម្មវិធី ASPIRE ។
សហភាពសហគមន៍កសិកម្ម ព្រះវិហារមានជ័យ បានសម្រេចការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដែលជាទ្រព្យកម្មសិទ្ធិបញ្ញារួម សម្រាប់បម្រើផលប្រយោជន៍ របស់សមាជិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។
លោក អ៊ុក ប្រជា បានលើកឡើងក្នុងពិធីនេះថា ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការធានាផ្លូវច្បាប់ ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល បង្កើនកេរ្តិ៍ឈ្មោះ និងជំនឿទុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ “អង្ករព្រះវិហារ” ។
លោក អ៊ុក ប្រជា៖ ម៉ាកសមូហភាព “អង្ករព្រះវិហារ” មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សហភាពសហគមន៍ក្នុងខេត្តព្រះវិហារតែមួយប៉ុណ្ណោះទេ ប៉ុន្តែម៉ាកសមូហភាពនេះ នឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ។
គោលបំណងនៃការចុះបញ្ជីម៉ាកសមូហភាព “អង្ករព្រះវិហារ” គឺដើម្បី៖
- ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាកសមូហភាព ក្រោមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅលើទីផ្សារជាតិ និងអន្តរជាតិ
- អភិរក្សចំណេះដឹង-ចំណេះធ្វើតាមបែបប្រពៃណីរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំចងក្រងបទបញ្ជារួម គ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ”
- ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាព “អង្ករព្រះវិហារ” ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដាំដុះ និងទាក់ទាញភ្ញៀវទេសចរ
- លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យនៃម៉ាកសមូហភាព “អង្ករព្រះវិហារ”
- បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់៕