ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ទទួលបានការដូពិសេសពីសម្តេចតេជោ ហ៊ុន សែន នូវការសាងសង់ស្ពានថ្មី ឆ្លងស្ទឹងសែន មានប្រវែង ១៨០ម៉ែត្រ តភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ។
ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានឆ្លងស្ទឹងសែននេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ស្ពានថ្មីនេះមានប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹមបណ្ដោយ ១២,២ម៉ែត្រ, សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពាន ចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន ១.៣ម៉ែត្រ (បូកទាំងឃឿន) ហើយស្ពាននេះ ជាចំណុចតភ្ជាប់រវាង ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ៖ ស្ពាននេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីដឹកកសិផលឆ្លងកាត់ឲ្យមានលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋយើងធ្វើដំណើរ កាត់បន្ថយពេលវេលា នៅពេលឆ្លងកាត់ ក៏ដូចជាភ្ញៀវទេសចរណ៍ចូលទៅកំសាន្តនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ និងទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត លើកឡើងថា៖ អ្វីដែលយើងមានថ្ងៃនេះ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ប្រសិនបើគ្មានសុខសន្តិភាពទេ យើងគ្មានឱកាសបានជួបជុំគ្នា រាប់ទាំងវិស័យរាជរដ្ឋាភិបាលសាធារណៈ ក៏ដូចជាវិស័យឯកជន ដែលមានសប្បុរសជនដ៏ច្រើនគាំទ្ររាជរដ្ឋាភិបាល នឹងចូលរួមគ្រប់កិច្ចការទាំងអស់ នេះហើយគឺតម្លៃនៃសន្តិភាព។
លើសពីនេះទៀត សម្តេចតេជោ បានដឹកនាំប្រទេសមានការរីកចម្រើន ទាំងការងារនយោបាយ ការងារសង្គម ជាពិសេសការងារគិតគូរសុខទុក្ខការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យចៀសផុតពីជំងឺកាចសាហាវដែលកំពុងតែគំរាមកំហែងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើង ក្នុងនោះដែរក៏ផ្ដោតសំខាន់ទៅលើជុំវិញការងារអភិវឌ្ឍន៍ផងដែរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត៖ ទោះបីជាមានការលំបាក ការប្រឈមនឹងជំងឺកូវីដ១៩ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែដំណើរការជំរុញការងារអភិវឌ្ឍន៍ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង ដែលយើងកំពុងតែដំណើរការ។ ហើយនៅពេលខាងមុខនេះ សម្តេចតេជោ ត្រៀមបើកការដ្ឋានសាងសង់ស្ពានជាច្រើនទៀត ព្រមទាំងសម្ពោធស្ពាន និងផ្លូវមួយចំនួន នេះហើយជាកត្តាសន្តិភាព នៃសមិទ្ធផលនៅលើទឹកដីយើងនេះ។
ចុងបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រុញដល់ក្រុមការងារសាងសង់ស្ពាន សូមរក្សាសាមគ្គីគ្នា ខិតខំពន្លឿនការសាងសង់ស្ពានឲ្យបានឆាប់រហ័ស មានភាពរឹងមាំ ទៅតាមការគ្រោងទុក ហើយស្ពាននេះមានឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សំពៅត្រៃលោកត្រៃលក្ខណ៍»៕