ភាគហ៊ុនរបស់ក្រុមហ៊ុន JS Land Plc នឹងចាប់ផ្តើមជួញដូរនៅលើ ផមក ចាប់ពីថ្ងៃទី១០កុម្ភៈ តទៅ

រាជធានីភ្នំពេញ៖ ជេអេស លែន ម.ក ដែលមាននិមិត្តសញ្ញាភាគហ៊ុន JSL នឹងធ្វើការចុះបញ្ជី និង ចាប់ផ្តើមជួញដូរនៅលើ ផមក (CSX)  ចាប់ពីថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០២២ នេះតទៅជាមួយនឹងថ្លៃបោះផ្សាយ ១៩០០រៀល រីឯភាគហ៊ុនដែលចុះបញ្ជីមាន ២៥.៧១០.០០០ ភាគហ៊ុន។

ក្រុមហ៊ុនជេអេស លែន ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៤ ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតក្រោមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនត្រូវបានបំលែងទៅជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងអនុម័តយកនាមករណ៍បច្ចុប្បន្ននេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើសំណើបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង។

ក្រុមហ៊ុនជេអេស លែន ត្រូវបានបង្កើតឡើងដោយសហគ្រិនមួយក្រុមដែលមានសមាជិក ៥រូប មកពី ប្រទេសកម្ពុជា ម៉ាឡេស៊ី និងហុងកុង។ អភិបាលរបស់ក្រុមហ៊ុនជេអេស លែន សុទ្ធតែជាសហគ្រិនដែលមានបទពិសោធន៍ច្រើន និងច្បាស់លាស់ នៅក្នុងវិស័យអភិវឌ្ឈន៍អចលនទ្រព្យ សណ្ឋាគារ ក៏ដូចជាវិស័យអភិវឌ្ឈន៍ដទៃទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។

បេសកកម្មចម្បងរបស់ក្រុមហ៊ុន គឺសាងសង់លំនៅដ្ឋានដែលអាចបំពេញនូវរាល់តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជា បូករួមជាមួយនឹងគុណភាពនៃលំនៅដ្ឋាន ដែលជម្រុញអោយការរស់នៅរបស់អតិថិជនពោរពេញទៅដោយភាពសម្បូរបែប។ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការសាងសង់ និងការសម្របទៅតាមនិន្នាការនៃស្ថាបត្យកម្មចុងក្រោយបង្អស់ វាគឺជាទស្សនវិស័យរបស់ក្រុមហ៊ុនដែលត្រូវបានកំណត់ថា ប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើគេហដ្ឋានដែលស្រស់ស្អាត តម្លៃសមរម្យ ជាមួយនឹងការរចនាម៉ូតដ៏ប្រណិតបំផុត៕