ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៧ខែកន្លងមកនេះ កម្ពុជាផលិតមាសបាន១៧៥១គីឡូក្រាម ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ប្រវែងជាង ៩៣គីឡូម៉ែត្រ ក្នុងខេត្តក្រចេះ។
ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ៖ មាសដែលយើងផលិតនៅក្នុងខេត្តមណ្ឌលគិរី រយៈពេលជាង៧ខែមកនេះ យើងផលិតបាន១៧៥១គីឡូ ជាទូទៅក្នុង១សប្តាហ៍យើងផលិតបានពី ៨០-១០០គីឡូ។
សម្ដេចតេជោ មានបំណងនៃការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅទិសឦសាន គឺជាតំបន់នៃ កសិ-ឧស្សាហកម្ម និងធនធានរ៉ែ បន្ថែមលើប៉ូលសេដ្ឋកិច្ចចំនួន៣ដែលមានស្រាប់គឺ ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។
សម្ដេចតេជោ បានបន្តមានប្រសាសន៍ថា៖ យើងនៅមានរ៉ែផ្សេងទៀត ដូចជាធ្យូងថ្ម និងកន្លែងផលិតមាសដទៃទៀត មិនទាន់បានប្រើប្រាស់ យើងទើបចាប់ផ្តើមផលិតមាសប្រមាណ៧ខែ។ មាសរបស់យើងមិនទាន់ក្លាយជាមាសទឹក១០នោះឡើយទេ យើងផលិតជាដុំៗ មាន២០គីឡូ ៣០គីឡូ ទើបដឹកពីកម្ពុជាទៅចម្រាញ់ជាមាសទឹក១០ នៅប្រទេសអូស្ត្រាលី។
សូមជម្រាបជូនដែរថា អាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវនេះ វិនិយោគដោយក្រុមហ៊ុន Renaissance Minerals របស់អូស្ត្រាលី និងបានផ្ដើមដំណើរការជាផ្លូវការ កាលពីថ្ងៃទី២១ មិថុនា ២០២១៕